(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំនាវាកម្ពុជាក្រោយរំដោះចេញរបបប្រល័យពូជសាសន៍ ប៉ុល ពត តាំងពីឆ្នាំ១៩៨៥មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន បានឈរជើងក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៣ឆ្នាំហើយ។
បើទោះបីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សម្តេចតេជោ ហ៊ុន សែន ឈរក្នុងតំណែងជានាយករដ្ឋមន្ត្រីទី២ រយៈ៥ឆ្នាំក្តី តែសេចក្តីសម្រេចលើជោគវាសនាជាតិនៅតែស្ថិតក្នុងកណ្តាប់ដៃរបស់សម្តេចដូចគ្នា។ ប្រជាពលរដ្ឋកម្ពុជាជាច្រើន បានមើលឃើញពីវឌ្ឍនភាពជាតិ និងបានស្ញប់ស្ញែងចំពោះការដឹកនាំប្រទេសជាតិដោយសម្តេចតេជោ ហ៊ុន សែន តែពលរដ្ឋខ្លះក៏បានបង្ហាញការអាក់អន់ស្រពន់ចិត្តទៅលើចំណុចមួយចំនួនផងដែរ។
បើទោះបីកាន់តួនាទីជានាយករដ្ឋមន្ត្រីរហូតដល់ទៅ៣៣ឆ្នាំ ប៉ុន្តែការសម្រាប់កម្ពុជាក្នុងចន្លោះពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៩៨ គឺជាដំណាក់កាលមួយស្ថិតក្នុងវិបត្តិជម្លោះប្រដាប់អាវុធផ្ទៃក្នុងនៅឡើយ ដូច្នេះដំណាក់កាលនេះការអភិវឌ្ឍរបស់កម្ពុជាមិនបានបោះពួយឲ្យល្អប្រសើរនោះឡើយ។
កម្ពុជាអាចទាក់ទាញអ្នកវិនិយោគ និងបង្កើនល្បឿនអភិវឌ្ឍន៍ជាតិបានល្អប្រសើរទើបនឹងក្រោយឆ្នាំ១៩៩៨ប៉ុណ្ណោះ ពោលក្រោយពេលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ នាំយកទាហានខ្មែរក្រហមពីក្នុងព្រៃមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។ ការបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង នាំមកនូវការបង្រួមបង្រួមជាតិទាំងស្រុងក្នុងសង្គមខ្មែរនេះហើយ ជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ បង្កើតបរិយាកាសសម្រាប់ការធ្វើពាណិជ្ជកម្ម ជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧ភាគរយជាប់គ្នាក្នុងរយៈពេលប្រមាណ ២ទសវត្សរ៍ចុងក្រោយនេះ។
លោកគ្រូ ដែលកំពុងបង្រៀននៅវិទ្យាល័យបុរី១០០ខ្នង បានលើកឡើងថា គាត់បានមករស់នៅក្នុងខណ្ឌសែនសុខនៅអំឡុងឆ្នាំ១៩៩៣។ លោកថា តំបន់សែនសុខកាលពីឆ្នាំ១៩៩៣ គឺសុទ្ធតែជាវាលស្រែមិនមែនជាតំបន់ដែលមានសំណង់អគារព្រោងព្រាតដូចពេលបច្ចុប្បន្ននេះឡើយ។
លោកគ្រូបានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បើទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នមិនទាន់ខ្លាំងក្លាដូចបណ្តាប្រទេសមួយចំនួនក៏ដោយនោះ។ លោកគ្រូបានលើឡើងថា បើទោះបីសម្តេចតេជោ ហ៊ុន សែន មានឱកាសដឹកនាំប្រទេស៣៣ឆ្នាំ តែការជំរុញការអភិវឌ្ឍជាតិទើបមានតែ២០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
យុវតីម្នាក់ដែលកំពុងសិក្សានៅវិទ្យាល័យបុរី១០០ខ្នង ក៏បានបង្ហាញទស្សនៈពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ យុវតីរូបនេះ បានឲ្យដឹងថា ឪពុកម្តាយរបស់កញ្ញា បានទៅរស់នៅតំបន់សែនសុខនេះ រយៈពេលជាង ១០ឆ្នាំមកហើយ។
កញ្ញាបានរំលឹកថា តំបន់សែនសុខនៅពីជាង១០ឆ្នាំមុន មិនមែនដូចពេលបច្ចុប្បន្នដែលសម្បូរដោយអគារលំនៅឋាន និងអគារពាណិជ្ជកម្មនោះឡើយ ភាគច្រើនជាវាលស្រែតែប៉ុណ្ណោះ។ កញ្ញា ក៏បានមើលឃើញពីការរីកចម្រើនលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរាជធានីភ្នំពេញ ដូចជាផ្លូវ និងស្ពានអាកាសជាដើម ដែលជាការបង្ហាញឲ្យឃើញនូវភាពរីកចម្រើនក្នុងរាជធានីភ្នំពេញ។
យុវតីដែលទើបគ្រប់អាយុបោះឆ្នោតនៅឆ្នាំ២០១៨នេះ បានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយកញ្ញានៅតែបន្តគាំទ្រសម្តេចតេជោជានាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោតនាពេលខាងមុខ។
ខាងក្រោមជាបទសម្ភាសន៍រវាងអង្គភាពព័ត៌មាន Fresh News ជាមួយលោកគ្រូ និងសិស្សវិទ្យាល័យបុរី១០០ខ្នង ក្នុងពេលពួកគេអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨៖