(រតនគិរី)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី នៅថ្ងៃទី០៣ ខែកក្កដានេះ បានថ្លែងថា លោកនឹងសហការជាមួយអាជ្ញាធរខេត្ត អនុវត្តអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងថែរក្សា ការពារ និងអភិវឌ្ឍ តំបន់រមណីដ្ឋានទេសរចណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដ៏ល្អប្រណិតនេះ ឲ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងតំបន់ភូមិភាគឥសាន្ត ជាពិសេសខេត្តរតនគិរី។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា លោកតែងតែបានទំនាក់ទំនង និងពិភាក្សាគ្នាជាមួយលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីរកវីធីសាស្ត្រអភិវឌ្ឍ និងអភិរក្សតំបន់រមណីយ៍ដ្ឋានយក្សឡោម ឲ្យទៅជារមណីយ៍ដ្ឋានប្រវត្តិសាស្ត្រ និងតំបន់អេកូរទេសចរណ៍ចំរុះដ៏ល្អប្រណិតបំផុត សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បានប្រតិកម្មចំពោះព័ត៌មានដែលចុះផ្សាយថា រាជរដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឲ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ ដោយសម្តេចប្រកាសទាត់ចោលទាំងស្រុង នូវព័ត៌មានមិនពិតនេះ។
សម្តេចតេជោបានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោម ទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ។ តើអ្នកណាបង្កើតរឿងបែបនេះ ឡើងដើម្បីអ្វី?។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុង នូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៏សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ»។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង «បឹងយក្សឡោម» ដែលមានផ្ទៃដីសរុប២២៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី៕