(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកជំនាញកសិកម្ម បានរួមសហការគ្នាអភិវឌ្ឍ និងបង្កើនចំណេះដឹងដល់កសិករ លើការផលិតសូត្រខ្មែរ ឲ្យមានគុណភាពខ្ពស់នៅកម្ពុជា និងក្រៅស្រុក ហើយក៏ដើម្បី លើកកម្ពស់ការផលិតសូត្ររបស់ខ្មែរឲ្យទទួលបានការគាំទ្រ កាន់តែច្រើនឡើងៗ ពីប្រជាពលរដ្ឋខ្មែរ។

ទាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកជំនាញកសិកម្ម ព្រមទាំងអ្នកជំនាញឯកទេសពីជប៉ុន និងថៃ បានរួមគ្នាផ្សព្វផ្សាយពីចំណេះដឹង ស្តីពីរបៀបដាំដុះមន និងចិញ្ចឹមដង្កូវនាង ជូនទៅដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ ចូលរួមដាំដំណាំមន និងចិញ្ចឹមដង្កូវនាងនេះ ឲ្យកាន់តែច្រើនថែមទៀត។

លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា កម្ពុជាត្រូវការរយៈពេល១០ឆ្នាំទៀត ដើម្បីផលិតវត្ថុធាតុដើម ផលិតផលសូត្រ ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកដែលមានតម្រូវការប្រមាណ៤០០តោន ក្នុង១ឆ្នាំៗខណៈបច្ចុប្បន្នការផ្គត់ផ្គង់បានតែ១%ប៉ុណ្ណោះ។ លោកបានបន្តថា «ក្តីសុបិនរបស់ខ្ញុំ ១០ឆ្នាំទៀត គឺថាដើម្បីធ្វើបាន៤០០តោន យើងត្រូវធ្វើមនពី១ទៅ២ម៉ឺនហិកតា ដែលបច្ចុប្បន្នធ្វើតែ២០ហិកតា។

ការថ្លែងរបស់ លោកបណ្ឌិត ម៉ី កល្យាណ បានធ្វើឡើង ក្រោយពិធីប្រគល់ពូជដង្កូវនាង ជូនកសិករបង្គោល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ(CKCC)។

លោកបណ្ឌិតបានឲ្យដឹងទៀតថា សាកលវិទ្យាល័យនឹងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីរបៀបចិញ្ចឹមដង្កូវនាងឲ្យបានល្អ និងទទួលបានទិន្នផលខ្ពស់ដល់ គ្រូបង្គោល ឬកសិករគំរូ ឲ្យពួកគាត់ទៅបង្ហាត់បង្រៀន បន្តដល់កសិករផ្សេងៗទៀត ដើម្បីពង្រីកការដាំដុះមន និងការចិញ្ចឹមដង្កូវនាង ឲ្យកាន់តែផុលផុសថែមទៀត ដើម្បីលើកស្ទួយដល់ វិស័យសូត្រឲ្យកាន់តែរីកចម្រើនឡើងវិញ។

ជាមួយគ្នានោះ លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកជំនាញកសិកម្ម បានរួមសហការគ្នា អភិវឌ្ឍ និងបង្កើនចំណេះដឹងដល់កសិករ លើការផលិតផលសូត្រខ្មែរនាពេលនេះ គឺជាការចូលរួមចំណែកលើកស្ទួយដល់ការអភិរក្សផលិតផលខ្មែរពិតៗ គឺផលិតផលសូត្រខ្មែរ។

លោក ជេត ជាលី បន្ថែមថា ថ្ងៃអនាគត សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនត្រឹមបង្កើតឲ្យមានការជួយការកសិករបង្គោលលើការអភិវឌ្ឍផលិតផលសូត្រនោះទេ តែក៏នឹងមានការបង្កើតឲ្យមានកម្មវិធីទាក់ទងនឹងការប្រើប្រាស់ឬ កាត់បន្ថយថង់ប្លាស្ទិចផងដែរ។

ចំណែកលោក ហួត សុខា តំណាងសហគមន៍សូត្រអូរ៉ាល់ខេត្តកំពង់ស្ពឺ ដែលទទួលពូជដង្កូវនាងពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសន្យាថា នឹងយកពូជដង្កូវនាងនេះ ទៅចិញ្ចឹមទៅតាមបច្ចេកទេស។ តែលោកស្នើសុំឲ្យសាកលវិទ្យាល័យបន្តការផ្សព្វផ្សាយ ស្តីពីបច្ចេកទេសនៃរបៀបការចិញ្ចឹមដង្កូវនាង ដល់គ្រូបង្គោលឲ្យបានច្រើបន្ថែមទៀតដើម្បីឲ្យកសិករទទួលបានចំណេះដឹង ចូលរួមដាំមន និងចិញ្ចឹមដង្កូវនាងឲ្យបានច្រើនព្រោះថា ការដាំមន នៅមានកំរិតនៅឡើយដោយសារខ្វះបច្ចេកទេស នៃការដាំដុះនិងចិញ្ចឹមដង្កូវនាង។ ទាក់ទងនឹងការចិញចឹញ្ចឹមដង្កូវនាងនេះ លោកបានបញ្ជាក់ទៀតថា ដង្កូវនាងវាស៊ីស្លឹកមនជាចំណីរហូតដល់ រយៈពេល៤០ថ្ងៃ ទើបចេញសំបុកដែលយើងអាចហូតសូត្របាន។

យ៉ាងណាក៏ដោយ លោកក៏ស្នើឲ្យសាកលវិទ្យាល័យ បង្កើតការស្រាវជ្រាវពូជថ្មីៗ ដែលអាចហូតសូត្របានវែងដល់១ពាន់ម៉ែត្រ ខណៈបច្ចុប្បន្ន ហូតបានត្រឹមតែ៣០០ម៉ែត្រប៉ុណ្ណោះ។

គួរបញ្ជាក់ថា ផលិតសសៃសូត្រនេះ អាចឆ្នៃជាសំលៀកបំពាក់ គ្រឿងសម្អាង សាប៊ូ និងបរិក្ខារផ្នែកវិស័យសុខាភិបាលជាដើម៕