(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃអង្គារ៦រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយស សមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋានបានអញ្ជើញចូលជាអធិបតី ជួបសំណេះសំណាលជាមួយបងប្អូន អតីតគណបក្សសង្រ្គោះជាតិ និងគណបក្សផ្សេងៗទៀតចំនួន៤៥០០នាក់ ដែលបានមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស ស្វាគមន៍យ៉ាងកក់ក្តៅដល់សមាជិកសមាជិកា យើងទាំងអស់ដែលបានមករួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្ថែមថា «ការសម្រេចចិត្តមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា របស់បងប្អូនកូនក្មួយជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះថាគណបក្សប្រជាជនកម្ពុជា កើតពីប្រជាជនកម្ពុជា បម្រើផលប្រយោជន៍កម្ពុជា» ការចូលមករួមរស់ជាមហាគ្រួសារ គណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ដែលឈរលើគោលនយោបាយបង្រួបបង្រួមផ្សះផ្សារជាតិ យុទ្ធសាស្រ្តឈ្នះឈ្នះ និងសុខដុមរមនីយកម្មសង្គមជាតិ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា បក្សពួក ឋាន:ក្នុងប្រទេសកម្ពុជា ធ្វើម៉េចឲ្យប្រទេសយើងមានសន្តិភាព រួបរួមជាតិ មានការអភិវឌ្ឍហើយគោលនយោបាយសុខដុមរនិយកម្មសង្គមជាតិនេះ គឺចង់បង្ហាញថា រាល់ការរួបរួមជាតិទាំងអស់ ធ្វើយ៉ាងណាឲ្យក្លាយជាសក្តានុពលនៃសន្តិភាព ជាសក្តានុពលនៃអភិវឌ្ឍន៍ ប្រទេសជាតិឲ្យរីកចម្រើន។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ព្រមទាំងជនរួមជាតិ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជន និងសូមបន្តទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់គ្នា «សញ្ញាទេវតា» លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន មានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែសម្បូររុងរឿងបន្ថែមទៀត។
ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយ ថវិកា សម្ភារ ចែកជូនដល់សមាជិក សមាជិកា ចូលរួមមានចំនួនជាង៤៥០០នាក់ ម្នាក់ៗទទួលបានសារ៉ុង១ថវិកា២ម៉ឺនរៀល។
សូមបញ្ជាក់ថាមកដល់ពេលនេះ នៅខេត្តបន្ទាយមានជ័យមានសមាជិក សមាជិកាពីគណបក្សផ្សេងផ្លាស់ប្តូរជីវភាពចូលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា បានចំនួន១៤០០០នាក់ហើយ៕