(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសជ្រើសរើស បុគ្គលិកបើកបររថយន្តក្រុង ឲ្យចូលបម្រើការងារនៅរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅរាជធានីភ្នំពេញចំនួន៤៣នាក់។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ។
តាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីឆ្លើយតបតាមសំណើសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ លើការបម្រើសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេសពីទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ធ្វើការជ្រើសរើសបុគ្គលិកបើកបរ រថយន្តក្រុងចំនួន ៤៣នាក់។
តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បេក្ខជនត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី២៥ឆ្នាំ ដល់៥០ឆ្នាំ មានសុខភាពល្អ កាយសម្បទានមាំមួន មានការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការងារ មានបណ្ណបើកបរ (ឃ២) មានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ មានអត្តចរិតស្លូតបូត និងមិនសេពគ្រឿងស្រវឹង ឬសារធាតុញៀនជាដើម។
បេក្ខជនដែលមានបំណង ចូលបម្រើការងារខាងលើ សូមធ្វើការទំនាក់ទំនង ដាក់ពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅស្នាក់ការរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងបរិវេណ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឬទាក់ទងទូរសព្ទលេខ ០៧៨ ៧៨ ៧៨ ៥៧ និង ០១៥ ៧៧១ ១៧៤៕