(ព្រះវិហារ)៖ ថ្លែងទៅកាន់សមាជិក របស់គណបក្សប្រជាជនកម្ពុជាជិត១០០០នាក់ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំមកនូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍគ្រប់វិស័យ។
លោក មាស សុភា បានបន្តថា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានសុខសន្តិភាព គ្មានតំបន់អបគមន៍ មានស្ថិរភាពនយោបាយ និងមានសន្តិសុខល្អ គ្មានភាវរកម្ម ពិសេសបានលើកកម្ពស់ជាតិ លើឆាកអន្តរជាតិ។
ជាមួយគ្នានេះផងដែរ លោកបានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ រូបត្រូវអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសនៅអាណត្តិទី៦ និងដើម្បីថែរក្សាសុខសន្តិភាព ដែលកើតឡើងដោយលំបាក នៅប្រទេសកម្ពុជាឲ្យនៅគង់វង្ស។
បើតាមលោក មាស សុភា ប្រទេសមួយដែលមានការអភិវឌ្ឍ លុះត្រាតែប្រទេសនោះ មានសុខសន្តិភាព ហើយកុំជឿតាមការញុះញង់ របស់ជនអគតិមួយចំនួនឲ្យសោះ ព្រោះរដូវឃោសនាបោះឆ្នោតមកដល់ ក្រុមនោះតែងដើរបោកប្រាស់ប្រជាពលរដ្ឋជានិច្ច ហើយត្រូវជឿអ្វីដែលមើលឃើញនឹងភ្នែក មិនត្រូវជឿតាមការខ្សឹប ការឃោសនាបោកប្រាស់នោះទេ៕