(ភ្នំពេញ)៖ ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញដឹកនាំដោយលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ សាលាសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ចុះត្រួតពិនិត្យទំនិញនៅ ផ្សារបឹងព្រលឹត និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវ ទំនិញដែលមានហានិភ័យ ឬខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ជាលទ្ឋផលពុំមានទំនិញខូចគុណភាពទេ ដោយអាជីវករមានការយល់ដឹងច្រើន អំពីសុវត្ថិចំណីអាហារ និងយកគំរូ មួយចំនួនដូចជា៖ បន្លែ ស្រស់ ប្រហុក ផ្អក ជ្រក់ បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បី រកនូវសារធាតុគីមីហាមឃាត់។
លោក គង់ វុទ្ធី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ ធ្វើឡើងតាមបទបញ្ជា ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូចភ្លៀងរលឹមយ៉ាងដូច្នេះដែរ។
ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផល ឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារ ធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក គង់ វុទ្ធី បានបញ្ជាក់ថា ក្នុងថ្លៃជាមួយគ្នានេះ លោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យតម្លៃប្រេង នៅតាមស្ថានីយ៍មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីមើលការដាក់លក់តម្លៃឲ្យត្រូវតាមការកំណត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕