(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងនាមគណៈកម្មការ នៃគណៈបក្សប្រជាជនកម្ពុជាខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រធានក្រុមបក្ស សង្កាត់សាលាកំរើក ក្រុងសៀមរាបជាង៥០០នាក់ថា សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុត និងមនសិការជាតិខ្ពស់ សម្រាប់នាំសុខសន្តិភាព ពេញលេញ និងការអភិវឌ្ឍរីកចម្រើនជូនប្រទេសជាតិ។
ជាមួយគ្នានេះ លោកបានរំលឹកថា លោកបានចូលរួមចំណែក ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា នាឆ្នាំ១៩៩៧ផងដែរ ព្រោះខេត្តសៀមរាប នៅតំបន់អូរស្មាច់ និងតំបន់អន្លង់វែង គឺជាការចញ្ចប់សង្គ្រាមចុងក្រោយ នៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៧មក កម្ពុជាមានស្ថិរភាពនយោបាយ គឺបន្ទាប់ពីកម្ពុជា បានបញ្ចប់សង្គ្រាមទាំងស្រុង តាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
លោកបន្ថែមថា ក្រោយពីការបញ្ចប់សង្គ្រាមនេះ ធ្វើឲ្យអ្នកវិនិយោគមានភាពកក់ក្ដៅ ហើយគេបានដាក់ទុកមកវិនិយោគ នៅកម្ពុជា ព្រោះបើប្រទេសមានសង្គ្រាម កុំថាឡើយគេដាក់ទុកមកវិនិយោគ សូម្បីតែការមកទស្សនាប្រាសាទអង្គរវត្ត ក៏ភ្ញៀវទេសចរ គេមិនហ៊ានមកដែរ។ ហើយកាលគ្រានោះ ភ្ញៀវមកទស្សនាសៀមរាប-អង្គរ មានតែប្រមាណ ២០ម៉ឺននាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ។
បើតាមលោកឃឹម ប៊ុនសុង បច្ចុប្បន្ននេះ កម្ពុជាបានទទួលភ្ញៀវទេសចរ រហូតដល់ជាង ៥លាននាក់ក្នុងមួយឆ្នាំៗ។ លទ្ធផលទាំងនេះ គឺបានបង្ហាញឲ្យ ឃើញកាន់តែច្បាស់ថា រាល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ មានការកើនឡើង គឺអាស្រ័យដោយប្រទេស មានសុខសន្តិភាព យ៉ាងពេញលេញ។
លោកបញ្ជាក់ទៀតថា សង្គ្រាមដែលបានអូសបន្លាយ ដ៏រ៉ាំរ៉ៃ រាប់ទសវត្សរ៍នៅកម្ពុជា តើអ្នកណាជាអ្នកដែលនាំប្រទេសជាតិឲ្យមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ រីកចម្រើននៅទូទាំងផ្ទៃប្រទេស។ លោកបន្តថា មានតែគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ ដែលរហូតដល់បច្ចុប្បន្ននេះ ពិភពលោកបានខិតខំ និងព្យាយាមរៀនសូត្រតាម សម្រាប់ការបញ្ចប់សង្គ្រាមនៅប្រទេសរបស់គេ៕