(បាត់ដំបង)៖ រយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ មន្រ្តីសាខាកាំកុងត្រូល បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញ ដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ មុនពេលបោះឆ្នោត។
សកម្មភាពនេះ បានរកឃើញទំនិញខូចគុណភាពចម្រុះ ចំនួន៣៤គីឡូក្រាម ដែលបានដាក់លក់ នៅក្នុងផ្សារបឹងឈូក ក្រុងបាត់ដំបង ខេត្តបាត់ដំបង យកមករក្សាទុក រងចាំដុតកម្ទេចចោល និងបានចុះត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈចំនួន២២ ស្ថានីយ/ដេប៉ូ ដោយផ្ទៀងផ្ទាត់ជាមួយ សេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្មផងដែរ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងយកចិត្តទុកដាក់ ចំពោះសុខមាលភាព ប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញ ដាក់តាំងលក់នៅផ្សារបឹងឈូក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតទំនិញខូចគុណភាព ចម្រុះប្រមាណចំនួន៣៤គីឡូក្រាម យកមករក្សាទុកនៅសាខាខេត្ត ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
លោក ប្រធានសាខាបានបញ្ជាក់ថា បន្ទាប់ពីបានចុះពិនិត្យទំនិញហើយ ក្រុមការងារ ក៏បានចុះត្រួតពិនិត្យតម្លៃដាក់លក់ប្រេងឥន្ធនៈចំនួន២២ ស្ថានីយ/ដេប៉ូ ដោយបានផ្ទៀងផ្ទាត់ជាមួយ សេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ដែលបានកំណត់រួចហើយ ។
លោកបន្តថា ទោះជាអាជីវករមួយចំនួន បានយល់ពីផលប៉ះពាល់សុខភាព ឈប់ដាក់តាំងលក់ទំនិញរបស់ខ្លួន មានការហួសកាលបរិច្ឆេទកំណត់ យ៉ាងណាក៏ដោយ មន្រ្តីជំនាញនៅតែចុះត្រួតពិនិត្យ និងធ្វើការណែនាំពីផលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ជាប្រចាំ ម្យ៉ាងវិញទៀតអ្នកលួចនាំចូល ទំនិញខូចគុណភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីសុខភាពអ្នកដទៃ គឺសមត្ថកិច្ចជំនាញតែងតែ ទប់ស្កាត់បានទាន់ពេលវេលា រហូតមកផងដែរ៕