(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែងជិត៥គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋនៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក វង្សី វិស្សុត បានថ្លែងថា សមិទ្ធផលផ្លូវក្រាលគ្រួសក្រហម ដែលទើបស្ថាបនារួច នៅក្នុងឃុំរកាកោងទី១ របស់យើងក៏ដូចជា សមិទ្ធផលផ្សេងៗទៀត ដូចជា៖ ទំបន់ទឹក និងប្រឡាយទឹកជាដើម គឺដើម្បីបម្រើឱ្យសេចក្តី ត្រូវខាងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូន ប្រជាពលរដ្ឋទូទៅនៅគ្រប់ច្រកល្ហកនៃប្រទេស។ លោកបានបន្តថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល បានខិតខំយ៉ាងខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាជីវភាពជូនប្រជាជន តាមរយៈការបង្កើតនូវឱកាសរកប្រាក់ចំណូល និងការងារជូនដល់ ប្រជាពលរដ្ឋទូទៅ, ការដំឡើងប្រាក់ខែជូនមន្រ្តីរាជការ និងកម្មករក្នុងវិស័យឯកជន ព្រមទាំងការលើក កម្ពស់ជីវភាពកសិករ និងអាជីវករតូចធំឱ្យកាន់តែធូរធា។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈ៖ ការបញ្ចុះថ្លៃថាមពល អគ្គិសនី និងទឹកស្អាត, ការលុបចោលនូវការយកកម្រៃ ពីសេវាសាធារណៈចាំបាច់មួយចំនួន, ការបន្ធូបន្ថយពន្ធ និងអនុគ្រោះពន្ធចំពោះអាជីវកម្មតូចតាច និងអ្នកមានចំណូលទាប, ការទទួលបាននូវរបបគាំពារសង្គមមួយចំនួន ដូចជា ការទទួលបាននូវសេវាព្យបាល ជំងឺដោយឥតគិតថ្លៃ ចំពោះប្រជាពលរដ្ឋក្រីក្រតាមរយៈមូលនិធិសមធម៌ជាដើម។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានប្រមូលពន្ធកាន់តែច្រើន ពីអ្នកមានចំណូលខ្ពស់ ដើម្បីយកមកធ្វើការ បែងចែកនូវធនធាននេះឡើងវិញ ប្រកបដោយសមធម៌។ លោកបានគូសបញ្ជាក់ថា នេះជាសញ្ញានៃការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ការរំលាយអតីតគណបក្សសង្រ្គោះជាតិ ស្របតាមនីតិវិធីផ្លូវច្បាប់ជាធរមាន គឺជាការបញ្ជៀសសង្គ្រាម និងកុំឱ្យកម្ពុជាត្រូវដើរត្រលប់ ថយក្រោយទៅរកឆ្នាំ១៩៧៩ វិញ។ សង្គ្រាមងាយស្រួលក្នុងការបង្កើតឡើងណាស់ តែសង្គ្រាម មិនងាយបញ្ចប់ទេ! ដូចនេះជម្រើលដែលល្អបំផុត គឺការបញ្ជៀសសង្គ្រាមនេះឯង!។ ការអនុវត្តទោសទណ្ឌ ចំពោះអ្នកប្រព្រឹត្តខុសច្បាប់ មិនមែនជាការសម្លាប់ប្រជាធិបតេយ្យទេ តែជាពង្រឹងនីតិរដ្ឋ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីទៅវិញទេ។ សូមបងប្អូនចង់ចាំថា លទ្ធិអ្វីក៏ដោយមិនសំខាន់ទេ តែអ្វីដែលសំខាន់បំផុតនោះ គឺឆ្នាំងបាយរបស់យើង។ លទ្ធិអ្វីក៏បានដែរឱ្យតែធ្វើឱ្យប្រទេសយើងមានសន្តិភាព និងការអភិវឌ្ឍ, ឱ្យតែធ្វើឱ្យ ជាតិ ខ្មែរយើងខ្លាំងពូកែ អាចទប់ទល់នឹងការគំរាមកំហែង ពីខាងក្រៅបាន គឺយើងយកទាំង អស់។ យើងមិនគួរស្លាប់ខ្លួន ចំពោះលទ្ធិទាំងឡាយណាដែលធ្វើឱ្យប្រទេសយើងកើតសង្រ្គាម ហើយជាតិយើងបែកបាក់នោះទេ។ តែការស៊ូស្លាប់ដើម្បីជាតិខ្មែរ ទើបជាការប្រសើរ!។

លោក វង្សី វិស្សុត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបញ្ជូនកូនចៅ ទៅសាលារៀនឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យពួកគេមានចំណេះដឹងជ្រៅជ្រះ, ទទួលបានការងារ ធ្វើល្អ, មានប្រាក់ចំណូលខ្ពស់ និងមានជីវភាពធូរធារនៅថ្ងៃអនាគត ក្នុងខណៈដែលបច្ចុប្បន្ន នេះ រាជរដ្ឋាភិបាលបានបង្កើនចំណាយថវិកា យ៉ាងគំហុក ដល់វិស័យអប់រំច្រើនជាង វិស័យ ណាៗទាំងអស់ រួមទាំងការដំឡើងប្រាក់ខែ ជូនគ្រូបង្រៀនច្រើនជាងមន្រ្តី រាជការទូទៅផងដែរ ដើម្បីពង្រីកការទទួលបានសេវាអប់រំ និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

លោកបានបន្តថា ការអប់រំគឺជាវិធីដ៏ល្អបំផុតមួយ ក្នុងការកាត់បន្ថយភាពក្រីក្រ។ ជាងនេះទៅទៀត ការទទួលបាននូវការអប់រំខ្ពស់ គឺមានសារសំខាន់ខ្លាំងណាស់ នៅក្នុងសម័យ បច្ចេកវិទ្យាព័ត៌មានវិទ្យាដ៏លឿននេះ ហើយក៏នឹងក្លាយជាកក្តាកំណត់ចាញ់ឈ្នះរបស់កម្ពុជាទៅថ្ងៃមុខ។ កម្ពុជានឹងមិនអាចធ្វើដំណើរទៅមុខបានឆ្ងាយ និងមិនអាចក្លាយជាប្រជាជាតិមួយ ដែលខ្លាំងពូកែបានទេ ប្រសិនបើប្រជាជនមិនមានការអប់រំខ្ពស់នោះ។

លោកក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាបរិស្ថាន និងអនាម័យដើម្បីលើកកម្ពស់សុខាមាលភាពរបស់ប្រជាជន នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តពង្រឹងអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសបញ្ហា គ្រឿងញៀន។ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរ យកចិត្តទុកដាក់ជាពិសេស ក្នុងការតាម ដាន បញ្ហាបំណុលមីក្រូហិរញ្ញនៅមូលដ្ឋានផងដែរ។

លោកក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្ន ក្នុងការខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ពិសេសត្រូវចេះប្រើប្រាស់កម្ចីនេះឱ្យបានត្រឹមត្រូវ និងសូមកុំជឿការឃោសនាកុហកភូតភរ បោកប្រាស់របស់ជនណាដែលថា នឹងលុបបំណុលជូនបងប្អូនឱ្យសោះ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តដាក់ចេញនូវវិធានការចាំបាច់មួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យអត្រាការ ប្រាក់សព្វថ្ងៃនេះ កាន់តែចុះទាបជាបន្តទៀត។

នៅចុងបញ្ចប់ លោក វង្សី វិស្សុត បានបួងសួងដល់បារមី នៃទួលតាគហ៊េដែលទាក់ទឹន ប្រវត្តិរឿង បក្សីចាំក្រុង សូមជួយបីបាច់ថែរក្សាបងប្អូនប្រជាពលរដ្ឋអ្នករកាកោង និងស្រុកមុខកំពូលទាំងអស់ សូមប្រទះតែនឹងសេចក្តីសុខ ចំរុងច្រើន សុខមង្គលគ្រប់ប្រការ និងសូមបងប្អូនមេត្តាអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី ដើម្បីជួយខ្លួនឯង និងដើម្បីជួយធ្វើឱ្យជាតិយើងមានសន្តិភាព, ស្ថេរភាព និងការអភិវឌ្ឍរុងរឿង សម្រាប់កូនចៅយើងជំនាន់ក្រោយ៕