(ភ្នំពេញ)៖ ក្រោយមានការបញ្ជាពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ក្រោមដឹកនាំដោយលោកអនុសេនីយ៍ទោ អ៊ំ រតនា នាយប៉ុស្ដិ៍ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានក្រាមសថ្លាជាថ្នាំញៀន ចំនួន១១កញ្ចប់ថង់តូច នៅក្បែរសំណង់មិនរៀបរយ ស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាវេលាម៉ោង០៥៖៣០នាទីទាបភ្លឺ ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមានឈ្មោះ មាស ថនវុត្ថា ហៅជា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះខ្ទមលើវាលខ្សាច់ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ក្នុងការយាមល្បាតពួនស្ទាក់រក្សាសន្តិសុខ ដើម្បីត្រួតពិនិត្យរាល់សកម្មភាពមិនប្រក្រតីទាំងឡាយក្នុងមូលដ្ឋាន ទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ និងរកឃើញដកហូតបានថ្នាំញៀន ចំនួន១១កញ្ចប់ថង់តូច ហើយក៍ឃាត់ខ្លួនយកមកធ្វើការសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់តែម្ដង៕