(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន១៦គ្រួសារ រស់នៅក្នុងភូមិតាជោ និងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បាននាំគ្នាមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ និងសុំអន្តរាគមន៍ពីលោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ​​រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីឲ្យលុបចោលបណ្តឹងលោក ខៀវ វិសេស ដែលបានក្លែងឯកសារប្តឹងពួកគាត់ទាំង១៦គ្រួសារ​ថា រំលោភយកដីរបស់ខ្លួន។

លោកស្រី យឺន សុខន ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោម១៦គ្រួសារខាងលើ បានប្រាប់ឲ្យដឹង​ នៅមុនពេលចូលដាក់ពាក្យបណ្តឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ថា ការដាក់ពាក្យបណ្តឹងច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីលោក ខៀវ វិសេស បានប្តឹងពួកគាត់មកលោកស្រី ម៉ែន សំអន កាលពីពេលថ្មីៗ ដោយបានក្លែងឯកសារចោទប្រកាន់ថា រំលោភយកដីរបស់ខ្លួនទំហំ៣២ហិកតា ក្នុងចំណោម៥៥ហិកតា។ លោកស្រីបញ្ជាក់ថា ដីកសិកម្មចំណុចឫស្សីជ្រោយ ចំណុចកោះតាអោ និងច្រករោងគោ ក្នុង​ភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ត្រូវបានពួកគាត់កាន់កាប់អាស្រ័យផល តាំងពីឆ្នាំ១៩៩៥មក តាមរយៈការឆ្ការព្រៃ ប្រឈមនិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសត្វសាហាវថែមទៀត។

រហូតដល់ឆ្នាំ២០០៧ ក្រុមហ៊ុនស៊ិនដាយ បានដាក់គ្រឿងចក្រឈូសឆាយព័ទ្ធ ជាទំនប់រំលោភលើដីពួកគាត់ និងពលរដ្ឋច្រើនរយគ្រួសារផ្សេងៗទៀត បង្ករឲ្យផ្ទុះការតវ៉ាជាបន្តបន្ទាប់។

ក្រោយពីការតវ៉ាសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកាត់ដីប៉ះពាល់នេះចេញ ពីក្រុមហ៊ុនស៊ិនដាយ ហើយបានប្រគល់មកឲ្យពលរដ្ឋវិញ តាមរយៈលិខិតលេខ ៥៦៣ ស.ជ.ណ ចុះថ្ងៃទី២៨ មេសា ឆ្នាំ២០០៨ ចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី។ ក្រោយពីមានអន្តរាគមន៍ ពីសម្តេចនាយករដ្ឋមន្រ្តី ពួកគាត់បានចូលកាន់កាប់វិញធម្មតា លុះរហូតមកដល់ឆ្នាំ២០១៥ ឈ្មោះ ខៀវ វិសេស បានមកចរចា​សុំទិញដីរបស់ពួកគាត់ ចំនួនពីរលើក តែពួកគាត់មិនអាចលក់បាន ដោយសារដីនោះ បានលក់ទៅឲ្យលោក លុយ ស៊ីលីញ រួចបាត់ទៅហើយ។

ក្រោយមកស្រាប់តែឈ្មោះ ខៀវ វិសេស ប្តឹងពួកគាត់ជាបន្តបន្ទាប់ ហើយមកទល់ពេលនេះ បែរជាប្តឹងមកលោកស្រី​ថា ពួកគាត់រំលោភយកដីរបស់ខ្លួន ចំនួន៣២ហិកតា ដោយគ្មានហេតុផល ច្បាស់លាស់ទៅវិញ។ លោកស្រីបញ្ជាក់ដូច្នេះថា «បញ្ជីឈ្មោះក្នុងលិខិតស.ជ.ណ លេខ ៥៦៣នោះ មានតែឈ្មោះពួកយើងខ្ញុំ ទាំង១៦គ្រួសារ និងប្រជាពលរដ្ឋដទៃប៉ុណ្ណោះ មិនមានឈ្មោះម្ចាស់ដី ដែលលោក ខៀវ វិសេស បានទិញនោះទេ ដូច្នេះសូមឲ្យលោក ខៀវ វិសេស ទៅយកដីពីឈ្មោះ អ្នក​ដែលបានលក់នោះចុះ»។

គួររំលឹកថា កន្លងមកអាជ្ញាធរខេត្ត ក៏បានច្រានចោលពាក្យបណ្តឹងរបស់លោក ខៀវ វិសេស ដោយសារឯកសារទិញលក់មិនប្រក្រតី ហើយរដ្ឋបាលសាលាខេត្ត ក៏កំពុងដំណើរការនីតិវិធី ចុះបញ្ជីជូនប្រជាពលរដ្ឋ ដែលទទួលបានដីតាមរយៈស.ជ.ណ ៥៦៣ខាងលើ។ ប្រជាពលរដ្ឋទាំង១៦គ្រួសារនោះ ក៏បានលើកដៃសំពះស្នើសូមលោកស្រី ម៉ែន ​សំអន ពិនិត្យឯកសារ និងប្រវត្តិកាន់កាប់ដីរបស់ពួកគាត់ ហើយស្នើសុំលុបចោលទាំងស្រុងនូវបណ្តឹង ឈ្មោះ ខៀវ វិសេស និងជួយអន្តរាគមន៍អនុញ្ញាត ដល់រដ្ឋបាលខេត្ត ដើម្បីចុះបញ្ជីបណ្ណកម្មសិទ្ឋិដីធ្លី ជូនភាគីស្របច្បាប់៕