(កណ្ដាល)៖ បុគ្គលិកក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍រាប់ពាន់នាក់បាននាំគ្នាប្តេជ្ញាចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីជាបន្តបន្ទាប់ទៀត ហើយពិសេសមានសម្តេចតេជោ គឺមានការអភិវឌ្ឍន៍ធ្វើឲ្យសង្គមមានស្ថិរភាព និង សុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅដោយសុខដុមរមនា។
បុគ្គលិកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏បានថ្លែងស្រដៀងៗគ្នាបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារ គណបក្សប្រជាជនកម្ពុជា នៃ ក្រុមហ៊ុន អេង ឌី ប៉ូអភិវឌ្ឍន៍ នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្រោមវត្តមានលោកលី សាម៉េត និងលោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍។
ពួកគាត់បានថ្លែងយ៉ាងច្បាស់ថា នៅក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ ពួគគាត់ សង្កេតឃើញថា រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជា ដឹកនាំតែមួយប៉ុណ្ណោះ ដែលបានរស់នៅជាមួយប្រជាពលរដ្ឋ និងបានឆ្លងកាត់ គ្រប់ឧបសគ្គដើម្បីប្រទេសជាតិ ជាពិសេសបានគិតគូរដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ពោលគឺរស់នៅរួមសុខរួមទុក្ខជាមួយគ្នា ទំរំានឹងកម្ពុជា ឈានមកដល់ដំណាក់កាលពេលនេះ ។
នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា បាន លើកឡើងចំពោះមុខបុគ្គលិក ក្រុមហ៊ុនទាំងអស់ថា ការដែលបងប្អូនទទួលបានការងារធ្វើ និងទទួលបានប្រាក់ខែសមរម្យពីក្រុមហ៊ុន គឺដោយសារ ប្រទេសមានសុខសន្តិភាពពេញលេញ ដែលបានកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកប ដោយគតិបណ្ឌិត និងមានបញ្ញាញាណឈ្លៀសវៃបំផុតក្នុងការស្វែងរកនូវសន្តិភាព និងអភិវឌ្ឍន៍ជូនជាតិមាតុភូមិ ឲ្យមានការរីកចម្រើនមកដល់បច្ចុប្បន្ន។
ចំណែក លោក លី សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា បានថ្លែងថា អ្វីដែលបានវិវឌ្ឍន៍រីកចម្រើន ជាមួយ ក្ដីមោទនភាពរបស់សង្គមជាតិមាតុភូមិ និងប្រជាជនកម្ពុជាដែលកំពុងកើតមាននៅពេលនេះ មិនមែនកើតឡើងបានដោយឯកឯងនោះទេ ពោលគឺបានកើតឡើងឆ្លងកាត់ពុះពារគ្រប់ឧបសគ្គជាច្រើន ប្រឈមជាមួយក្រុមអមិត្តដែលតែងតែចិញ្ចឹមចិត្តរិះរកគ្រប់ឧបាយកល ក្នុងការទប់ស្កាត់ដំណើរឈានទៅមុខ របស់សង្គមជាតិ ប្រឆាំងនឹងភាពសុខសាន្ត ក៏ដូចជាសុខសន្តិភាពដែលប្រទេសជាតិ និងប្រជាជនមាន។
លោកបានសង្កត់ធ្ងន់ថា ដូច្នេះការអភិវឌ្ឍន៍ប្រទេស និងការជួយឲ្យប្រជាជនរស់នៅរហូតមាន ជីវភាពធូរធារមកដល់បច្ចុប្បន្នមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានប្រែក្លាយសង្គម និងជោគវាសនាប្រជាពលរដ្ឋឲ្យរស់រាន្តមានជីវិតមកដល់ សព្វថ្ងៃ ។
ដូចនេះបងប្អូនបុគ្គលិកទាំងអស់គ្នាត្រូវតែចង់ចាំ និងចូលរួមគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ដើម្បីគាំទ្រសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត ពិសេសបន្តនិរន្តភាព ការអភិវឌ្ឍន៍ និងរក្សាសុខសន្តិភាព ជារៀងរហូតសម្រាប់កម្ពុជា ។
គួរបញ្ជាក់ផងដែរថានៅក្នុងឱកាសជួបសំណេះសំណាលនោះ លោក លី សាម៉េត និងលោកឧកញ៉ា ឌីប៉ូ បានចែកជូនជាអំណោយដល់បុគ្គលិកកម្មករ និងមហាគ្រួសាររបស់ក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍សរុប៣៥២០នាក់ ដោយម្នាក់ៗទទួលបានថវិការ២០០០០រៀល អាវ មួកគណបក្សនិងនំបុ័ងទឹកសុទ្ធផងដែរ៕