(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូDBST ប្រវែង៧គីឡូម៉ែត្រ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សាលាក្រុងសួង និងប្រជាពលរដ្ឋសរុបប្រមាណ ២០០នាក់។
លោក ជា ណារ៉ុន អភិបាលក្រុងសួង បានឲ្យដឹងថា ផ្លូវ១ខ្សែថ្មី ដែលបើកការដ្ឋានសាងសង់នាពេលនេះ ជាផ្លូវកៅស៊ូ ប្រភេទDBST ប្រវែង៧០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ឆ្លងកាត់៣ភូមិ នៃសង្កាត់សួង ទៅកាន់១ភូមិ នៃសង្កាត់វិហារលួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដែលគាំទ្រថវិការដោយរដ្ឋបាលខេត្តត្បូងឃ្មុំ។
លោកបន្ថែមថា ក្រៅពីគម្រោង ផ្លូវ១ខ្សែនេះ រដ្ឋបាលក្រុង បានទទួលបានគាំទ្រពីគ្រប់ភាគីពាក់ពន្ធ ដោយសម្រេចការសាងសង់ផ្លូវកៅស៊ូប្រភេទDBSTនេះ ២ខ្សែ ជួលជុលផ្លូវក្រាលគ្រួសក្រហម ដាក់លូប្រអប់ លូរំដោះទឹក ស្តារលូ ស្តារប្រឡាយទឹកស្អុយ បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ពង្រីកភ្លូវជាតិលេខ៧ និងផ្លូវបេតុងជាដើម។
នាឱកាសនោះដែរលោក លី ឡេង បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ និងដោយមើលឃើញពីស្ថានភាពផ្លូវទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើរនោះ ផ្លូវ១ខ្សែដែលបើកការដ្ឋាន សាងសង់នៅពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទូទាំងក្នុងក្រុងសួង ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំទាំងមូល។
បើតាមអភិបាលខេត្តរូបនេះ ផ្លូវថ្មីនេះជាសសៃឈាម សម្រាប់តភ្ជាប់គ្នា ពិសេសថែមទាំងជាផ្លូវប្រកដោយសក្កានុពលសេដ្ឋកិច្ច បម្រើឲ្យការដឹកជញ្ជូនកសិផលឆ្លងកាត់ ពិសេសជាបណ្តាញផ្លូវតភ្ជាប់ពីបណ្តាឃុំ នៃស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ មកកាន់ទីប្រជុំជនផ្សារក្រុងសួង ដើម្បីផ្លាស់ប្តូរទំនិញ និងកសិផលផងដែរ ដែលស្របទៅនឹងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល «មានផ្លូវ គឺមានសង្ឃឹម»។
លោក លី ឡេង បានលើកបង្ហាញនូវសមិទ្ធផលនានា ក្នុងក្រុងសួង ដែលជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដោយសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ នៅកម្ពុជា។
លោកអភិបាលខេត្ត គូសបញ្ជាក់ថា ដើម្បីរួមចំណែកបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍបន្តនោះ ប្រជាពលរដ្ឋទាំងអស់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ អញ្ជើញធ្វើដំណើរ ដោយរីករាយលើផ្លូវ ១ខ្សែថ្មីនេះ។ លោកសំណូមពរថា ទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ បន្តដឹកនាំនាវាសន្តិភាពកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍ជាបន្ត៕