Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតយុទ្ធជន និងជនពិការក្នុងខេត្តប៉ៃលិន១៣១២នាក់ ទទួលបណ្ណសង្គមកិច្ច និងបើកផ្តល់របបគោលនយោបាយ ពីក្រសួងសង្គមកិច្ច

03-07-2018 15:34

(ប៉ៃលិន)៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចែកបណ្ណសង្គមកិច្ច និងបើកផ្តល់របបគោលនយោបាយ ជូនដល់អតីតយុទ្ធជន និងជនពិការ ក្រីក្រក្នុងសហគមន៍ មកពីឃុំ/សង្កាត់ទាំង៨ ក្នុងខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ពៅ សុខ សមាជិកក្រុមប្រឹក្សាខេត្ត, លោក ចេង ញ៉ាន់ អភិបាលរងខេត្ត, លោក ឡៅ វែង អគ្គនាយករងបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសង្គមកិច្ចខេត្ត, និងអតីតយុទ្ធជន ជនពិការ ចំនួន១៣១២នាក់។

លោក ផាន់ ចាន់ធុល បានឱ្យដឹងថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន និងជនពិការមិនដូចការលើកឡើង របស់បុគ្គលអគតិមួយចំនួននោះទេ គឺរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ ដោះស្រាយណាស់ ទៅតាមលទ្ធភាព ព្រោះអតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក មានចំនួនជាង២០ម៉ឺននាក់ នៅទូទាំងប្រទេស។

លោកបន្តថា បើទោះបីជាមានចំណុចខ្វះខាតខ្លះ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ សែន មិនដែលបោះបង់ អតីតយុទ្ធជន និងជនពិការចោលនោះទេ គឺនៅតែបន្តយកចិត្តទុកដាក់ បីបាច់ថែរក្សា ទាំងអតីតយុទ្ធជន ទាំងជនពិការក្រីក្រ ទាំងគ្រួសារ ទាំងយោធិន ទៅតាមលទ្ធភាពដែលមាន។ លោកថា ជាក់ស្តែងនៅពេលនេះ ខេត្តប៉ៃលិន មានភ័ព្ទសំណាង ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសាកល្បងដំណើរការផ្តល់បណ្ណសង្គមកិច្ច និងផ្តល់របបគោលនយោបាយ ជនពិការក្រីក្រមុនគេ ក្នុងចំណោមបណ្តាខេត្តនានា នៅទូទាំងប្រទេស ដើម្បីដោះស្រាយនូវទុក្ខលំបាក ផ្នែកជីវភាពរបស់អតីតយុទ្ធជន និងជនពិការក្រីក្រ។

ជាចុងក្រោយ លោក ផាន់ ចាន់ធុល បានអំពាវនាវដល់អតីតយុទ្ធជន និងជនពិការទាំងអស់ ត្រូវអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។

បើតាមរបាយការណ៍របស់ លោក សាក់ សាមឿន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា របបគោលនយោបាយ ដែលផ្តល់ជូនដល់អតីតយុទ្ធជន និងជនពិការក្រីក្រ នាពេលនេះ គឺចែកចេញជា ២ផ្នែក ដោយផ្នែកទី១៖ ទទួលរបប ១២ខែ ចំនួន ៦៤២នាក់ និងផ្នែកទី២៖ ទទួលរបប ៦ខែ ចំនួន ៦៨០នាក់ សរុបទាំងអស់ ១៣១២នាក់ និងប្រើប្រាស់ថវិកាសរុប ចំនួន ២៣៥,៦៨០,០០០រៀល៕