BREAKING NEWS: គ្រោះរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ វាយប្រហារខេត្តភាគកណ្តាលហ្វីលីពីន!
03-07-2018 15:31
(ម៉ានីល)៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៥.៥រ៉ិចទ័រ បានវាយប្រហារចំខេត្ត បាតាំងហ្គាស (Batangas) ដែលស្ថិតនៅភាគកណ្តាល នៃកោះធំរបស់ហ្វីលីពីន លូហ្សុន (Luzon) នាថ្ងៃអង្គារនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
វិទ្យាស្ថានតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងហ្វីលីពីន ហ្វីវូល (Phivolc) បានឲ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងនៅចម្ងាយ ២៥គីឡូម៉ែត្រ ភាគនិរតីក្រុង ណាសូកបូ (Nasugbo) ក្នុងខេត្ត Batangas ភាគខាងត្បូងរដ្ឋធានីម៉ានីល ជាមួយជម្រៅផ្ទៃដីយ៉ាងជ្រៅ គឺដល់ទៅប្រមាណ ១២៣គីឡូម៉ែត្រឯណោះ។ ខណៈជម្រៅដ៏ជ្រៅបែបនេះអាចជាសញ្ញាថា វានឹងពុំបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ។
គួរជម្រាបថា ភ្លាមៗបែបនេះពុំទាន់មានសេចក្តីរាយការណ៍ អំពីការបំផ្លិចបំផ្លាញ ឬក៏មនុស្សរងគ្រោះ នៅក្នុងហេតុការណ៍រញ្ជួយផែនដីខាងលើនៅឡើយទេ៕