(ព្រះវិហារ)៖ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង២៤គីឡូម៉ែត្រ ដែលមានតម្លៃជាង១លានដុល្លារ តភ្ជាប់ពីផ្លូវជាតិលេខ៦២ ចូលមកឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះ លោក មាស សុភា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
លោកបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិ បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាង តាំងពីទីប្រជុំជន រហូតដល់ជនបទដាច់ស្រយ៉ាល ដូចជា ផ្លូវថ្នល់ សាលារៀន វត្តអារ៉ាម ប្រពន្ធ័ធារាសាស្ត្រ និងអគ្គិសនី.....ជាដើម។ លោកបានបញ្ជាក់ទៀតថា ចំពោះបញ្ហាអគ្គិសនី ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺនៅឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅគ្រប់ភូមិនានា នឹងបានប្រើប្រាស់ភ្លើងអគ្គិសនីគ្រប់ៗផ្ទះ។
លោក មាស សុភា បានបន្តទៀតថា បើក្រឡេកមើល ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលប្រទេសកម្ពុជា ទើបឆ្លងផុតពីរបបប្រល័យពូជសាសន៍ គឺហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ត្រូវបានបំផ្លាញគ្មានសល់ ដែលជាហេតុធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានការកំបាក។ ដោយឡែក ថ្ងៃនេះ កម្ពុជាបានធ្វើពិធីសម្ភោធផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង២៤គីឡូម៉ែត្រ ដែលនេះជាជំហានទី២ ក្រោមការគិតគូរយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ហើយជំហានបន្ទាប់ទៀត ផ្លូវនេះនឹងប្រែក្លាយជាផ្លូវកៅស៊ូមិនខាន។
បើតាមសមាជិកអចិន្ត្រៃយ៍គណបក្សរូបនេះ ដើម្បីតបស្នងគុណបំណាច់នេះ ប្រជាពលរដ្ឋត្រូវបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស កាន់តែមានការអភិវឌ្ឍបន្តទៅទៀត។ លោកសំណូមពរថា ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
សូមបញ្ជាក់ថា នៅក្នុងពិធីសម្ភោធផ្លូវក្រាលគ្រួសក្រហម ប្រវែង២៤គីឡូម៉ែត្រនោះ ក៏មានពិធីសម្ភោធអាគារស្នាក់ការ គណបក្សប្រជាជន ឃុំយាង, ការបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១០៥រូប, និងសំណេះសំណាល ជាមួយសមាជិកបក្សជិត ១០០០នាក់ផងដែរ៕