(ភ្នំពេញ)៖ ក្រុមហ៊ុន ZECOM បានរៀបចំពិធីអបអរសាទរ ដល់សហគ្រិនវ័យក្មេងកម្ពុជា បន្ទាប់ព្រឹត្តិការណ៍ប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេង ប្រចាំឆ្នាំ២០១៨ ទើបតែទទួលបានកន្លងទៅថ្មីនេះ។
ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រុមសហគ្រិនជ័យលាភីឆ្នាំនេះ បានទទួលពានរង្វាន់សរុប៥ គឺ៖ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម ពានរង្វាន់វៃឆ្លាតផ្នែកបច្ចេកវិទ្យា និងពានរង្វាន់អាជីវកម្មថ្មីទើបបង្កើត។
ក្នុងនាមជាក្រុមហ៊ុន សេវាអ៉ីនធឺណិត ឈានមុខគេនៅកម្ពុជា និងជាអ្នកឧបត្ថម្ភធំមួយក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន EZECOM សូមចូលរួមអបអរសាទរ ចំពោះក្រុមជ័យលាភីទាំងអស់ ដែលបានបញ្ចេញស្នាដៃ និងគំនិតប្រាជ្ញា រៀបចំគម្រោងអាជីវកម្មបានយ៉ាងល្អ និងគួរទាក់ទាញជាទីបំផុត។
ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការ JCI Cambodia ក្រោមការគាំទ្រពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងក្រសួងពាណិជ្ជកម្ម។ ព្រឹត្តិការណ៍ពានរង្វាន់សហគ្រិនវ័យក្មេង មានការទទួលស្គាល់ និងទទួលបានការឧបត្ថម្ភគាំទ្រ ទាំងវិស័យឯកជន និងមិនមែនឯកជន ក្នុងភាពជាពានរង្វាន់សហគ្រិនប្រចាំឆ្នាំ ធំជាងគេនៅកម្ពុជា។
ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា មានគោលបំណងលើកកម្ពស់សហគ្រិនភាព ក្នុងចំណោមយុវជនកម្ពុជា ក៏ដូចជាផ្តល់ឱកាសនិងវេទិកា សម្រាប់យុវជនរៀបចំគម្រោងអាជីវកម្មល្អៗ ប្រកបដោយគំនិតច្នៃប្រឌិតផងដែរ។ បន្ថែមពីនេះ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសទាក់ទាញអាជីវកម្ម និងការវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាផងដែរ។
EZECOM ផ្តោតការយកចិត្តទុកដាក់ ជាសំខាន់លើការជំរុញការអភិវឌ្ឍ នៃវិស័យបច្ចេកវិទ្យា សេវាកម្ម និងអាជីវកម្ម ដែលជាវិស័យចម្បងៗ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ EZECOM តែងបានឧបត្ថម្ភគាំទ្រដល់ក្រុមសហគ្រិនវ័យក្មេង និងអាជីវកម្មថ្មីទើបបង្កើត ដោយជឿជាក់ថា យុវជនដែលពោរពេញដោយសក្តានុពលដូចជាពួកគាត់ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញអនាគត វិស័យពាណិជ្ជកម្មនៅកម្ពុជា ក៏ដូចជាលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកពិភពលោកផងដែរ៕