(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសចិន និងសមាគមច្បាប់ប្រទេសចិន (China Law Society) លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួម និងថ្លែងសុន្ទរកថាបិទនៅក្នុងវេទិកាសហប្រតិបត្តិការច្បាប់ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលបានប្រព្រឹត្តទៅនៅថ្ងៃ២-៣ ខែកក្កដា ឆ្នាំ២០១៨ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

លោក អង្គ វង្ស វឌ្ឍានា បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃការរៀបចំវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដោយបានកត់សម្គាល់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលលើកឡើងដោយប្រធានាធិបតី ស៊ី ជីងពីង កាលពីឆ្នាំ២០១៣ បាននិងកំពុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រទេស និងអង្គការអន្តរជាតិជាង១០០ ហើយគំនិតផ្តួចផ្តើមនេះបាននាំឱ្យមានការប្រែប្រួល នៃទិដ្ឋភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញនូវការអភិវឌ្ឍប្រកបដោយចិរភាព ពន្លឿនការកែទម្រង់ឧស្សាហកម្មដែលមានទីផ្សារជាមូលដ្ឋាន និងជួយជំរុញដល់ពិពិធកម្មសេដ្ឋកិច្ចសាកល។

លោក អង្គ វង្ស វឌ្ឍានា បានថ្លែងថា គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» គាំទ្រដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង នាំមកនូវគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធជាច្រើន, ការដឹកជញ្ជូន និងច្រករបៀងសេដ្ឋកិច្ច, ហិរញ្ញប្បទាន, កម្មន្តសាល និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ក៏ប៉ុន្តែ គម្រោងវិនិយោគ និងពាណិជ្ជកម្មទាំងនេះ អាចទទួលនូវហានិភ័យច្បាប់ ដូចជាវិវាទរវាងគូភាគី ដែលមានគោលនយោបាយសេដ្ឋកិច្ច, ប្រព័ន្ធច្បាប់, ប្រព័ន្ធហិរញ្ញវត្ថុ និងបរិស្ថានវិនិយោគខុសគ្នា។ ជាអនុសាសន៍ ការរៀបចំយន្តការ និងការធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសតាមបណ្តោយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» អាចជាដំណោះស្រាយនៃវិវាទ។

លោក អង្គ វង្ស វឌ្ឍានា បានបន្តថា កិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អភិវឌ្ឍ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ហើយអាចធានាបាននូវនិរន្តរភាព នៃការវិនិយោគ និងហិរញ្ញប្បទាន។ វេទិកាសហប្រតិបត្តិការច្បាប់ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» រយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសចិន និងសមាគមច្បាប់ប្រទេសចិន (China Law Society) ដែលចូលរួមបើកដោយលោក វ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន និងមានការចូលរួមពីថ្នាក់ដឹកនាំ វាគ្មិន និងភ្ញៀវកិត្តិយសជាង៣៥០រូប មកពីប្រទេសជាង៤០ និងអង្គការអន្តរជាតិជាង១០។ ជាលទ្ធផល វេទិកាបានចេញសេចក្តីថ្លែងការណ៍រួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យច្បាប់ ក្នុងការអនុវត្ត «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»៕