(ភ្នំពេញ)៖ ព្រះរាជទ្រព្យសម្តេចយាយ ព្រះមហាក្សត្រត្រី នរោត្តម មុនិនាថ សីហនុ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសរុប ១០៥,០០០ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនសមាគមតន្ត្រីជនពិការរបស់លោក ចាប តូ ដើម្បីសាងសង់មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗដល់ជនពិការ។
មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលជំនាញជនពិការទទួលបានព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់ពីសម្តេចយាយ ២៥,០០០ដុល្លារអាមេរិក, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៨០,០០០ដុល្លារអាមេរិក ដើម្បីទិញដីសាងសង់។
គម្រោងសាងសង់អគារស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗដល់ជនពិការនេះ គ្រោងចំណាយថវិកាប្រមាណ ២០០,០០០ដុល្លារអាមេរិក។ ក្រៅពីព្រះរាជអំណោយរបស់សម្តេចយាយ និងការឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួចទៅ ការសាងសង់កន្លែងស្នាក់នៅនេះ ក៏មានចូលរួមឧបត្ថម្ភពីសប្បុរសជននានា មានដូចជា លោកស្រី វណ្ណ លុយ អគ្គនាយកក្រុមហ៊ុនទឹកអេរ៉ូទិច ៣,០០០ដុល្លារអាមេរិក។
លោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានបញ្ជាក់ថា ប្រាក់ដែលត្រូវចំណាយសាងសង់អគារស្នាក់នៅ និងបណ្តុះបណ្តាលជនពិការ ដែលនៅសេសសល់មិនទាន់គ្រប់នោះ គឺលោកស្រីនឹងធានាឧបត្ថម្ភសាងសង់រហូតអគារលេចចេញ ជារូបរាង។
ក្នុងឱកាស បញ្ចុះបឋមសិលាបុកគ្រឹះសាងសង់ មណ្ឌលស្នាក់នៅ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោកស្រី ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្រ្តីសំនៀងជនពិការ បានថ្លែងអំណរគុណដល់សប្បុរសនានា ដែលមានការយកចិត្តទុកដាក់ ជាពិសេសសម្តេចយាយ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលបានយកទឹកព្រះទ័យ និងទឹកចិត្តទុកដាក់ចំពោះជនពិការ។
ជាមួយគ្នានេះ លោកស្រី ញ៉ែម មរកត ក៏សូមអំពាវនាវដល់សប្បុរសជននានា បន្តជួយឧបត្ថម្ភដល់មណ្ឌលបណ្តុះបណ្តាលជនពិការភ្នែកនេះបន្ថែមទៀត ដើម្បីឲ្យមណ្ឌលនេះឆាប់ចេញជារូបរាងជាក់ស្តែង នៅពេលខាងមុខដ៏ខ្លីនេះ។ លោកស្រីបន្តថា ដោយសារតែមានការយកចិត្តទុកដាក់ពីសប្បុរសជននានា ទើបធ្វើឲ្យជនពិការមានក្តីសង្ឃឹម យ៉ាងនេះ។
បើតាមលោកស្រី មណ្ឌលនេះទៀតសោត មិនមែនសម្រាប់តែក្រុមជនពិការជាង ១០០នាក់ ដែលកំពុងមានឈ្មោះនៅទីនោះទេ តែមណ្ឌលនេះ គឺសម្រាប់ជនពិការទូទាំងប្រទេស។ លោកស្រីថា ជនពិការមកពីខេត្តណា ទីកន្លែងណា សមាគមណា ក៏អាចសុំស្នាក់នៅ និងរៀននៅទីនោះបានដែរ៕