(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋានបានអញ្ជើញចូលជាអធិបតី បញ្ចុះបឋមសិលាសាងសង់អគារបឋមសិក្សាអូរឬស្សី១ខ្នង ៦បន្ទប់ តំលៃជាង៦ម៉ឺនដុល្លារ និងបន្តជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួនជិត ៥០០០នាក់ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា គ្មានការរីកចម្រើនដុះដាល ជីវភាពធូរធា និងសប្បាយរីករាយណាមួយ អាចកើតមានក្រោមសំឡេង និងការផ្ទុះគ្រាប់រំសេវនោះទេ ហើយសាលារៀន ផ្លូវ ថ្នល់ មន្ទីរពេទ្យ វត្តអារាម រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធសង្គម ការងារល្អបានប្រាក់ខែច្រើន រៀនសូត្របានចេះដឹង ដែលយើងបានឃើញ និងអាស្រ័យផលនាពេលនេះ គឺដោយសារសន្តិភាពកើតចេញពីការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន និងការចូលរួមរបស់បងប្អូនកូនចៅយើងយកជិវិតទៅប្តូរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋប៉ៅយប៉ែត ព្រមទាំងជនរួមជាតិដែលបោះឆ្នោតគាំទ្រ គណបក្សប្រជាជន និងសូមបន្តទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់គ្នា សញ្ញាទេវតា លេខរៀងទី២០ ងាយចាំ ងាយគិត ស្រួលគូស ដើម្បីសម្តេចតេជោ ហ៊ុន សែន មានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យរីកចម្រើននិងមានសាលារៀន ផ្លូវ មន្ទីរពេទ្យកាន់តែច្រើននិងជីវភាពកាន់តែធូរធារបន្ថែមទៀត។
ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយ ថវិកា សម្ភារ ចែកជូនរួមមាន៖
ទី១៖ ជូនប្រជាពលរដ្ឋចំនួន៣៥០០នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ស្បែកជើង១គូ
ទី២៖ ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅសង្កាត់ផ្សារកណ្តាលចំនួន២១០នាក់ក្នុងម្នាក់ៗ ទទួលបាន៖ ថវិកា២ម៉ឺនរៀល សារ៉ុង១ ក្រម៉ា១ បំពង់ទឹកក្ដៅ ១ ទឹកដោះគោ ប្រេងកូឡ ស្ករស អំបិលអ៊ីយ៉ូត ប្រេងសណ្ដែក កៅអៀក
ទី៣៖ លោកគ្រូ អ្នកគ្រូ១០០នាក់ ម្នាក់ទទួលបានថវិកា២ម៉ឺន សារ៉ុង១ ស្បែកជើង១គូ
ទី៤៖ យុវជនកាយរិទ្ធ កាកបាទក្រហម សសយក ចំនួន១៥០នាក់ ម្នាក់ៗទទួលបានថវិកា៥០០០រៀល ស្បែកជើង១គូ សារ៉ុង១
ទី៥៖ សិស្សានុសិស្ស១០០នាក់ម្នាក់ៗសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា៣០០០រៀល
ទី៦៖ ជូនគណកម្មាធិការបក្សសង្កាត់ផ្សារកណ្តាលថវិកា១លានរៀល
ទី៧៖ ជូនមណ្ឌលសុខភាពអូរឬស្សីក្រោមថវិកា៥០ម៉ឺនរៀល
ទី៨៖ សាលាបឋមសិក្សាអូរឬស្សីក្រោម ៥០ម៉ឺនរៀល៕