(ភ្នំពេញ)៖ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពីធីប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងនៅក្នុងពិធីនោះ លោក លឹម គានហោ បានថ្លែងថា «ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរំភើប សោមនស្សរីករាយ ជាមួយនឹងកិត្ដិយសដ៏ឧត្ដុង្គឧត្ដម ដោយត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវវិទ្យាសាស្ដ្រជាន់ខ្ពស់ របស់ជាតិយើងផ្ដល់នូវសញ្ញាបត្រកិត្ដិបណ្ឌិតផ្នែកគ្រប់គ្រងធនធានទឹក ដល់រូបខ្ញុំ»។

លោកបានបន្ថែមទៀតថា «សញ្ញាបត្រដែលខ្ញុំ បានទទួលនៅពេលនេះ មិនត្រឹមតែជាការសរបញ្ជាក់ នូវចំណេះដឹងជំនាញ លើការដឹកនាំគ្រប់គ្រង និងដោះស្រាយលើបញ្ហាទឹក ប៉ុណ្ណោះទេ ប៉ុន្ដែសញ្ញាបត្រនេះ ក៏នឹងក្លាយជាកម្លាំងចលករមួយជំរុញលើកទឹកចិត្តខ្ញុំ ក្នុងការបន្ដកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចជូនប្រទេសជាតិមាតុភូមិ ពិសេសក្នុងបរិបទដែល «ទឹក» បាននិងកំពុងក្លាយជារបៀបវារៈដ៏សំខាន់ទាំងក្នុងក្របខ័ណ្ឌកម្ពុជា តំបន់ និងពិភពលោក ទន្ទឹមនឹងការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានគ្រោះធម្មជាតិផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត កើតឡើងកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ»។

លោកថា យោងទៅលើកត្តាភូមិសាស្ត្រ កត្តាអាកាសធាតុ និងកត្តាជាក់ស្តែង បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយ ដែលសម្បូរទៅដោយធនធានទឹក ទាំងទឹកលើដី និងទឹកក្រោមដី។ ទឹកលើដី ដែលបាន មកពីទន្លេ មេគង្គ ព្រមទាំងបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ រួមជាមួយនឹងស្ទឹង ព្រែក អូរ ដែលជាដៃនៃបឹងនេះ មិនត្រឹមតែជាប្រភពទឹក ដ៏សំខាន់ប៉ុណ្ណោះទេ តែវាបានក្លាយជាគោលដៅ នៃការប្រើប្រាស់ប្រកបដោយសក្តានុពលច្រើនវិស័យដូចជា វិស័យកសិកម្ម ធនធានជលផលជីវចម្រុះ នាវាចរណ៍ វារីអគ្គសនី អេកូទេសចរណ៍-ល-។

លោក លឹម គានហោ បន្ដថា បើទោះបី ជាកម្ពុជា មានសក្តានុពលធនធានទឹកសម្បូរបែប បែបនេះក្តី ប៉ុន្តែមិនមែនមានន័យថា កម្ពុជា ជាប្រទេសដែលមាន សន្តិសុខទឹករៀងរហូតមកនោះទេ។ ផ្ទុយទៅវិញ សូម្បីតែក្នុងកំឡុងពេល២០ឆ្នាំ កន្លងទៅនេះ ក៏កម្ពុជានៅតែជាប្រទេសប្រឈម នឹងបញ្ហាទឹកស្ទើររៀងរាល់ឆ្នាំ ពោលគឺសម្បូរទឹក រហូតមានពេលខ្លះ បង្កជាជំនន់នៅរដូវវស្សា និងខ្វះខាតទឹកនៅរដូវប្រាំង។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងធនធានទឹក គាំទ្រអស់ពីដួងចិត្ដដល់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីលើកទឹកចិត្តបន្ថែមទៀត ដល់ស្ថាប័នដ៏សំខាន់របស់ជាតិមួយនេះ ក្នុងគោលដៅពង្រឹងនូវតួនាទី ជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ដ្រ ជាមជ្ឈមណ្ឌលអនុវត្ដន៍ផ្សារភ្ជាប់នឹងទី្រស្ដី និងជាកន្លែងបណ្ដុះបណ្ដាលធនធានបញ្ញាញណជាន់ខ្ពស់របស់ជាតិ ឲ្យកាន់តែវឹងមាំថែមទៀត៕