(សៀមរាប)៖ នាយឧត្តមសេនីយ៍ ជា តារា និងក្រុមការងារសាកលវិទ្យាល័យការពារជាតិចុះជួយឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសាងសង់រួចរាល់ជាស្ថាពរជូនមួយគ្រួសារ របស់លោកតា ថាប់ ស៊ឹង អាយុ៦៨ឆ្នាំ នៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ផ្ទះលោក ថាប់ ស៊ឹង ត្រូវភ្លើងឆេះខូចខាតទាំងស្រុង កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ ពេលនោះ លោកតា ថាប់ ស៊ឹង និងភរិយា បានអស់សង្ឃឹមយ៉ាងខ្លាំងសម្រាប់ការរស់នៅ ក៏ដោយសារតែផ្ទះ ត្រូវឆេះបំផ្លាញទាំងស្រុងគ្មានអ្វីទៀតឡើយ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះទៀត។

ប៉ុន្តែអ្វីៗបានប្រែក្លាយជាស្នាមញញឹមវិញភ្លាម​ ក្រោយទទួលបានផ្ទះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈនាយឧត្តមសេនីយ៍ ជា តារា។​

ពួកគេទាំង២នាក់ ប្តី-ប្រពន្ធ បានថ្លែងដោយរំភើបផងរលីងរលោងទឹកភ្នែកផងថា នៅយប់ឆេះផ្ទះគាត់នោះ គាត់អស់សង្ឃឹម ហើយភរិយាគាត់សន្លប់បាត់ស្មារតី តែមិននឹកស្មានថា ពេលព្រឹកឡើង ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ជា តារា បានមកដល់ផ្ទះគាត់ នាំអំណោយជួយបន្ទាន់ភ្លាមៗ។

គាត់បានជួយសង់ផ្ទះនេះ បីដូចទេវតាជប់ឲ្យ គឺបានផ្តល់ឈើ១១ម៉ែត្រគូប៧០០ បានជួយថ្លៃជាងសង់ផ្ទះ២.៨៦៤ដុល្លារ ជាង២ខែ បានរួចរាល់ជាស្ថាពរ។

គ្រួសារលោកតា ថាប់ ស៊ឹង ទាំងអស់បានសំពះថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី និងលោក ជា តារា និងក្រុមការងារ គឺគណបក្សប្រជាជនកម្ពុជា ពិតជានៅរួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងពួកគាត់សន្យាថា ទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គាំទ្រគណបក្សប្រជាជនកម្ពុជាមួយពូជទាំងអស់គ្នា។