(ភ្នំពេញ)៖ លោក ជិន ចុកជី វេជ្ជបណ្ឌិតឯកទេសវៈកាត់តម្រង់នោម នៅមន្ទីរពេទ្យជោរៃភ្នំពេញ បានបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមានអាការៈឧស្សាហ៍ចុកពោះ រួមនឹងឈឺចង្កេះជាញឹកញាប់ពេកនោះ គប្បីទៅពិនិត្យ និងតាមដានឲ្យបានត្រឹមត្រូវ ព្រោះអាការៈប្រភេទនេះ អាចនឹងកើតជំងឺគ្រួសក្នុងតម្រង់នោម ដែលជំងឺមួយប្រភេទមានគ្រោះថ្នាក់យ៉ាងខ្លាំង បើមិនបានព្យាបាលឲ្យទាន់ពេលវេលានោះទេ។
ការបញ្ជាក់យ៉ាងដូច្នោះ របស់លោកវេជ្ជបណ្ឌិតជំនាញ របស់វៀតណាម ជិន ចុកជី ធ្វើឡើងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យជោរៃភ្នំពេញ មុននឹងធ្វើការព្យាបាលអ្នកជំងឺគ្រួស ក្នុងតម្រង់នោម ដោយការប្រើម៉ាស៊ីនថ្មី «Laser Lithotripsy Uretero – Renoscopy» ទើបនឹងនាំចូលពីបរទេស ហើយអ្នកជំងឺនោះត្រូវបានពិនិ្យឃើញថា ធ្វើការព្យាបាលតាមបាញ់ប្រព័ន្ធ Laser ព្រោះគ្រួសក្នុងតម្រង់នោមនោះ មានទំហំតូចនៅឡើយ។
លោកវេជ្ជបណ្ឌិត ជិន ចុកជី បានឲ្យដឹងថា «អាការៈឈឺពោះ ឬចង្កេះ គប្បីមកពិនិត្យនៅតាមមន្ទីរពេទ្យជំនាញ តាមរយៈអេកូ ឬវិធីសាស្ត្រផ្សេងៗដែលអាចធ្វើទៅបាន ដើម្បីយើងដឹងថា តើមានទំហំតូច ឬធំ ប្រសិនជាមានទំហំតូចនោះ យើងអាចធ្វើតាមប្រព័ន្ធ Laser ហើយកាលណាគ្រួសធំពេកនោះ យើងមិនអាចបំបែកបាននោះទេ យើងត្រូវតែធ្វើការវះកាត់»។
លោកបន្តថា ជំងឺគ្រួសក្នុងតម្រង់នោម អាចកើតឡើងចំពោះមនុស្សពេញវ័យឡើងទៅ ដោយមិនសំខាន់ទៅលើមនុស្សស្រី ប្រុសនោះទេ ហើយកើតឡើងនៅបរិវេណក្រលៀន បំពង់នោម ឬប្លោកនោម ដែលជាបរិវេណសំខាន់ក្នុងការបញ្ចេញចោលផងដែរ។
សូមជម្រាបជូនថា មន្ទីរពេទ្យជោរៃភ្នំពេញ ទើបតែនាំចូលនូវប្រភេទម៉ាស៊ីនព្យាបាលជំងឺផ្នែកគ្រួសតម្រង់នោម «Laser Lithotripsy Uretero – Renoscopy» តាមរយៈការបាញ់តាមប្រព័ន្ធ Laser រួមនិងការវះកាត់ដោយក្រុមគ្រូពេទ្យជំនាញមកពីក្រៅប្រទេស និងមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការព្យាបាលជំងឺប្រភេទនេះ។
លោកវេជ្ជបណ្ឌិត ជិន ចុកជី បានបញ្ជាក់ទៀតថា ជំងឺដែលឧស្សាហ៍កើតចំពោះមនុស្សពេញវ័យឡើងទៅនេះ ត្រូវធ្វើកាតតាមដានឲ្យម៉ត់ចត់ ត្រឹមត្រូវ និងច្បាស់លាស់បំផុត ហើយដុំគ្រួសក្នុងតម្រង់នោមដែលមានទំហំ តូចជាង២សង់ទីម៉ែត្រ ស្មើនឹង២០មីលីម៉ែត្រ យើងអាចធ្វើការព្យាបាលតាមរយៈការបាញ់ Laser ចំណែកឯធំជាងទំហំ២០មីលីម៉ែត្រ យើងធ្វើការវះកាត់ មិនអាចព្យាបាលតាមរយៈការបាញ់ Laser នោះទេ៕