(បាត់ដំបង)៖ ឃ្លាំងស្តុកស្រូវដែលអាចស្តុកស្រូវ២០ម៉ឺនតោន និងឡសម្ងួតដែលមានសមត្ថភាពសម្ងួតស្រូវ៣ពាន់តោនក្នុង១ថ្ងៃ ដែលជាឃ្លំាងស្តុកស្រូវ និងឡសម្ងួតខ្នាតធំជាងគេនៅកម្ពុជា ស្ថិតក្រោមគម្រោងវិនិយោគ ពិសេសក្នុងទម្រង់ ជាបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី តាមរបៀប «សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង» (B.O.P) ក្នុងតម្លៃសរុបចំនួន១៥លានដុល្លារអាមេរិក ត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែកក្កដានេះ។
លោកឧកញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវ (កម្ពុជា) ភី អិល ស៊ី បានឡើងធ្វើរបាយការណ៍ពីការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតខ្នាតធំនៅខេត្តបាត់ដំបងថា ក្នុងរយៈពេលកន្លងមកនេះ ប្រជាកសិករទូទាំងប្រទេស តែងជួបប្រទះនូវបញ្ហាប្រឈម ជារៀងរាល់ឆ្នាំដោយសារកត្តាទីផ្សារ ដែលមានការកកស្ទះនៅក្នុងរដូវ ប្រមូលក៏ដូចជាបញ្ហាធ្លាក់ចុះនូវតម្លៃស្រូវផង។ ជាក់ស្តែងក្នុងឆ្នាំ២០១៦ នៅពេលដែលទិន្នផលស្រូវបស់ កសិករផលិតបានព្រមគ្នា ពេលនោះទីផ្សារស្រូវមានការកកស្ទះជាខ្លាំង ហើយតម្លៃស្រូវក៏ត្រូវបានធ្លាក់ចុះយ៉ាងគំហុកទៀតផង។
លោកឧកញ៉ា ភួ ពុយ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានប្រមូលទិញ បានរួមចំណែកក្នុងការខិតខំប្រមូលទិញស្រូវពីកសិករ ក្នុងលទ្ធភាពជាអតិបរិមាដែលយើងមាន។ នៅពេលនោះយើងមានលទ្ធភាព សម្ងួតស្រូវបានត្រឹមតែ៨០០ទៅ៨៥០តោនក្នុង១ថ្ងៃប៉ុណ្ណោះ។ ដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភី អិល ស៊ី ក្នុងការកសាងឡសម្ងួត ដែលមានសមត្ថភាពខ្នាតធំ ផលិតបាន៣០០០តោនក្នុង១ថ្ងៃ និងឃ្លាំងស្តុកដែលមានសមត្ថភាពស្តុកស្រូវ បាន២០០០០០តោន ក្នុងគោលបំណងដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមរបស់បងប្អូន ប្រជាកសិករពិសេសលើកត្តាទីផ្សារ ក្នុងពេលប្រមូលផល និងកត្តាតម្លៃស្រូវធ្លាក់ចុះដែលជាទុក្ខលំបាក ជាក់ស្តែងរបស់កសិករយើង។
លោកបានបន្តថា បន្ទាប់ពីបានសាងសង់រួចយើង មានលទ្ធភាពទិញស្រូវពីកសិករ នៅតាមសហគមន៍បានច្រើនធ្វើឲ្យមានទីផ្សារ និងតម្លៃស្រូវសម្រាប់កសិករយើង បានខ្ពស់ឈប់កកស្ទះដូចមុនទៀតផង។ ម្យាងវិញទៀតយើងបានបង្កើតសហគមន៍ស្រូវជាច្រើនក្នុងបំណងក្នុងការគ្រប់គ្រង និងបែងចែកពេលវេលាក្នុងការទិញស្រូវកុំឲ្យមានការកកស្ទះ ជាន់គ្នាផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក កៅ ថាច បានរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រជាសហគមន៍ ដែលមានវត្តមានក្នុងពិធីសម្ភោធថា ក្នុងរយៈកាលកន្លងមក ជាពិសេស ការធ្លាក់ចុះជាកំហុកនៃតំលៃស្រូវ មិនសមហេតុផលកាលពីឆ្នាំ២០១៦ និងដោយមើលឃើញពីកង្វះឃ្លំាងស្តុកស្រូវ ឡសម្ងួត និងការបង្វិលទុន ក៏ដូចបញ្ហាដែលតែងតែកើតមាន ដោយសារការផ្គត់ផ្គង់ស្រូវលើសតម្រូវការ ក្នុងរដូវប្រមូលផលស្រូវជាដើមនិង ដោយមើលឃើញពីការលំបាកដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញជាបន្ទាន់ នូវគម្រោងអន្តរាគមន៍ ពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ ជាប្រតិបត្តករអនុវត្តគម្រោង ពិសេសសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវនៅក្នុងតំបន់ខេត្តបាត់ដំបង ក្នុងគោលដៅធានាស្ថេរភាពថ្លៃស្រូវ និងលើកកម្ពស់ថ្លៃស្រូវដល់ប្រជាកសិករ ដើម្បីលើកស្ទួយថ្លៃស្រូវ និងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។
លោក កៅ ថាច បានបន្ថែមទៀតថា បន្ទាប់ពីគម្រោងអន្តរាគមន៍នេះ បានដាក់ចេញមក ជាលទ្ធផលបានមើលឃើញថាតំលៃស្រូវ របស់បងប្អូនប្រជាកសិករ ត្រូវបានធានាតាមតំលៃទីផ្សារ និងពុំមានការធ្លាក់ចុះថ្លៃ ដូចបណ្តាឆ្នាំមុនៗ ឡើយ។
ទន្ទឹមនេះ លោក កៅ ថាច បានបន្ដទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ សម្រេចបានរួមមាន៖
១៖ បង្កើនឥណទាន ជាទុនបង្វិលកើនឡើងដល់៥០លានដុល្លារអាមេរិក (កញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ចំនួន៤៣លានដុល្លារអាមេរិក និងប្រើប្រាស់មូលនិធិផ្ទាល់ របស់ធនាគារអភិវឌ្ឍន៍ជនបទចំនួន៧លានដុល្លារអាមេរិក) ដល់រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុនកែច្នៃនិងនំាចេញអង្ករ និងមជ្ឈមណ្ឌល ឬអ្នកប្រមូលទិញស្រូវ សម្រាប់ប្រមូលទិញស្រូវនារដូវប្រមូលផល។
២៖ បង្កើនការវិនិយោគចំនួន១៥លានដុល្លារអាមេរិកផ្សេងទៀត សម្រាប់គម្រោងវិនិយោគ លើការសាងសង់ឃ្លំាងស្តុក និងឡសម្ងួតស្រូវ នៅទីតាំងយុទ្ធសាស្រ្តតាមតំបន់ខេត្តចំនួន៣៖ គឺតំបន់ខេត្តព្រៃវែង តំបន់ខេត្តកំពង់ធំ និងតំបន់ខេត្តតាកែវ ដែលក្នុងនោះ៥លានដុល្លារអាមេរិក សម្រាប់សាង់សង់ឃ្លាំង ដែលមានសមត្ថភាពស្តុកទុកស្រូវយ៉ាងតិច ៥០,០០០តោន និងឡសម្ងួតមានសមត្ថភាព សម្ងួតស្រូវបាន១,៥០០តោនក្នុងមួយថ្ងៃ។
លោក កៅ ថាច បានបញ្ជាក់ថា តាមរយៈយន្តការអន្តរាគមន៍ ពិសេសរបស់រាជរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាបន្តបន្ទាប់ គម្រោងឃ្លំាងស្តុក និងឡសម្ងួតស្រូវទំាងនេះ នឹងបង្កើនសមត្ថភាពស្តុក និងកិនកែច្នៃស្រូវ-អង្ករ របស់រោងម៉ាស៊ីន កិនស្រូវនៅក្នុងតំបន់ និងបង្កើនលទ្ធភាពនៃការប្រមូលទិញក្នុងបរិមាណច្រើន និងងាយស្រួលក្នុងការគ្រប់គ្រងស្តុកស្រូវ នៅក្នុងតំបន់សំខាន់ៗបាន និងធ្វើឲ្យតម្លៃស្រូវរបស់កសិករ មានការកើនឡើងគួរកត់សម្គាល់ធៀប នឹង បណ្តាឆ្នំាកន្លងមក។ ជាពិសេសតម្លៃស្រូវសែនក្រអូប បានកើនឡើងដល់ប្រមាណ ១,២០០ រៀល/គីឡូក្រាម នារដូវប្រមូលផលឆ្នំា២០១៧-២០១៨ ធៀបនឹងគ្រាដូចគ្នាឆ្នំាមុនប្រមាណ៩០០ រៀល/គីឡូក្រាម តែប៉ណ្ណោះ។
លោក ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ស្ថិតក្នុងបរិយាកាស អំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អ ប្រសើរកន្លងមក សេដ្ឋកិច្ចកម្ពុជា បានបន្តសម្រេចកំណើន៦.៩% ក្នុងឆ្នំា២០១៧។ កំណើនដ៏រឹងមំានេះ ត្រូវបានឆ្លុះបញ្ចំាងតាមរយៈ ការរីកចម្រើននៃវិស័យឧស្សាហកម្ម កមន្មសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និង អចលនទ្រព្យជាដើម។
លោកបន្តថា ប្រទេសកម្ពុជា កំពុងតែផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យ កសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ កម្រិតជីវភាពរបស់ប្រជាជន កាន់តែមាន ភាពប្រសើរឡើង ដែលឆ្លុះបញ្ចំាងតាមរយៈសូចនាករសង្គម ជាពិសេសការកើនឡើងនៃ ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១,០៤២ ដុល្លារអាមេរិក ក្នុងឆ្នំា២០១៣ ដល់ប្រមាណ១,៤៣៥ ដុល្លារអាមេរិក ក្នុងឆ្នំា២០១៧។
លោក ជូ គឹមឡេង បានបញ្ជាក់ថា ទំាងអស់នេះ គឺជាសមិទ្ធផល ដែលសម្រេចបានជាបន្តបន្ទាប់ ហើយក៏មិនកើតមានឡើង ដោយចៃដន្យនោះទេ គឺកើតចេញពីនយោបាយឈ្នះ-ឈ្នះ និងការដឹកនំាដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយ គតិបណ្ឌិត ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនំារបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
ផ្តើមចេញពីចំណុចសូន្យ កម្ពុជាដែលខឿនសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ខ្ទេចខ្ទីស្ទើរទំាងស្រុង ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត, គ្របដណ្តប ដោយភាពក្រីក្រ និងខ្វះខាតស្បៀង អាហារ យ៉ាងធ្ងន់ធ្ងរ, ឥឡូវនេះ កម្ពុជាបានក្លាយជាប្រទេសនំាអង្ករចេញ ហើយស្ថិតនៅចំណាត់ថ្នាក់នៃប្រទេស ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព ដោយមានអត្រាកំណើនជាមធ្យម ៧.៧% ក្នុងមួយឆ្នំា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទំាង សម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ។
កម្ពុជាបានសម្រេចនូវបង្គោលចរ ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន គឺបានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរឈាន ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នំា២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នំា២០៥០។
ដោយឡែក តាមរយៈសមិទ្ធិផលថ្មី ក្នុងទឹកដីខេត្តបាត់ដំបង ជាពិសេសឃ្លាំងស្តុកស្រូវទំហំ២សែនតោន និងឡសំងួតស្រូវចំនួន៣,០០០តោន ក្នុងមួយថ្ងៃ ដែលជាគម្រោងវិនិយោគ ពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ លោកមានជំនឿយ៉ាងមុតមំាថា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាតំណាងអាជ្ញាធរមានសមត្ថកិច្ច មន្ទីរ អង្គភាពជុំវិញខេត្ត បងប្អូនកសិករ រោងម៉ាស៊ីនកិនស្រូវ និងអ្នកដែលពាក់ព័ន្ធ ទំាងអស់ នៅតែបន្តស្មារតីសហការសាមគ្គី ជាប្រពៃណីទំាងកម្លំាងកាយ និងកម្លំាងចិត្ត ដើម្បីបន្តអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពខ្ពស់។
ទន្ទឹមនេះដែរ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រូបនេះ ក៏បានសំណូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជុំវិញខេត្ត ត្រូវបន្តការយកចិត្តទុកដាក់ ថែរក្សាការពារសន្តិសុខ និងសុវត្ថិភាព ប្រជាជនឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនឲ្យបានរហ័ស ដើម្បីសម្រួលដល់សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាជនយើង។
លើសពីនេះ ត្រូវបន្តជួយសម្របសម្រួលការទិញ-លក់ស្រូវ ក៏ដូចជាកសិផលផ្សេងទៀត តាមរយៈការបង្កលក្ខណៈ ងាយស្រួលដល់ការដឹកជញ្ជូនស្រូវរបស់កសិករពីទីវាលស្រែ និង/ឬកន្លែងប្រមូលផ្តុំទិញ-លក់ស្រូវ ដែល អាចជានៅសាលាឃុំ ឬកន្លែងផ្សេងទៀត ដែលងាយស្រួលដល់ការប្រមូលផ្តុំទិញ-លក់ស្រូវរបស់បងប្អូន កសិករយើង។ ការណ៍នេះ ក៏អាចជួយកាត់បន្ថយចំណាយប្រតិបត្តិការ របស់អ្នកប្រមូលទិញស្រូវ, កាត់បន្ថយតួនាទីរបស់ឈ្មួញកណ្តាល ដែលជួយបង្កើនផលប្រយោជន៍ដល់ប្រជាកសិករ ដោយបង្កើនថ្លៃ ចេញពីវាលស្រែ ឬកសិដ្ឋានផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ សូមបន្តគំាទ្រ និងជំរុញយន្តការផ្តល់ឥណទានជាទុនបង្វិល ក៏ដូចជាលើទឹកចិត្ត ដល់វិស័យឯកជនឲ្យពង្រីកឃ្លំាងស្តុក និងឡសម្ងួតស្រូវ ឲ្យបាន កាន់តែធំ និងមានលក្ខណៈស្តង់ដារក្នុងការ រក្សាទុកស្រូវ- អង្ករ ឲ្យមានគុណភាពល្អ សំដៅធានាបាននូវស្ថិរភាព ថ្លៃស្រូវ-អង្ករ សម្រាប់បងប្អូនប្រជាកសិករ និងបម្រុងទុកស្រូវ-អង្ករគ្រប់គ្រាន់ សម្រាប់បម្រើ ឲ្យការនំាចេញប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនំាអង្ករចេញ១លានតោន។
លោក ជូ គឹមឡេង បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ «ឃ្លាំងស្តុកស្រូវទំហំ ២០០,០០០តោន និងឡសម្ងួត ដែលមានសមត្ថភាពសម្ងួតស្រូវ ៣,០០០តោន ក្នុង១ថ្ងៃ របស់ក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី នៅខេត្តបាត់ដំបង ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» សម្រាប់ជាមជ្ឈមណ្ឌល ប្រមូលទិញស្រូវ និងកិនកែច្នៃស្រូវ-អង្ករ ដែលមានលទ្ធភាពប្រមូលទិញស្រូវ មួយភាគធំនៅតំបន់ភាគខាងលិចនៃប្រទេសចាប់ពីពេលនេះតទៅ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ គណៈអធិបតីក៏បានសំណូមពរ និងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត ហើយដែលមាន ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ ជោគវាសនានៃប្រទេសរបស់ខ្លួន៕