(ព្រៃវែង)៖ តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស សុខា ក្នុងនាមជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេលើពិភពលោក បានដឹកនាំក្រុមការងារធ្វើពិធីក្រុងពាលី តាមប្រពៃណីសាសនា ដើម្បីភ្ជាប់ទូកពីមួយកំណាត់ទៅមួយកំណាត់។
ក្នុងពិធីក្រុងពាលីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកបណ្ឌិត ងិន បាណាល់ អនុប្រធានប្រតិបត្តិ នៃគណៈកម្មការផលិតទូក ព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតផងដែរ។
ការភ្ជាប់នេះ បន្ទាប់ពីក្រុមជាងជំនាញ បានលុង និងបើកសាច់ទូក ដោយមានការចូលរួមធ្វើពីសំណាក់សាធារណជនជាង១២០០០នាក់។ ដើម្បីទាន់ពេលវេលា ក្រុមជាងជំនាញបានសម្រុកធ្វើទូកនេះ ទាំងថ្ងៃទាំងយប់ ដោយមកដល់ពេលនេះ ការឆ្លាក់ក្បាលនាគ (ក្បាលទូក) និងកន្ទុយហង្ស (កន្ទុយទូក) ក៏ជិតរួចរាល់ជាស្ថាពរដែរ។
ទូក «ង» វែងជាងគេលើពិភពលោកនេះ មានប្រវែង៨៥.៥ម៉ែត្រ ដោយផ្ទុកចំណុះទូកចំនួន១៧៩នាក់។ ទូកនេះ ធ្វើអំពីឈើគគីរ យ៉ាងតិច៦ដើម ដោយ៣ដើមធ្វើតួទូក និង៣ដើមទៀតធ្វើក្បាល កន្ទុយ និងធាតុផ្សំផ្សេងៗទៀត៕