(កំពង់ធំ)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារបានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ នៅផ្សារថ្នល់បែក ឃុំត្រពាំង ប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារថ្នល់បែក រួចមកជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ទាំងនោះឡើយ។ ចំពោះការពិនិត្យមើលលើផលិតផលគ្រឿង កំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារ ក៏ពុំរកឃើញផលិតផលភេសជ្ជៈណាមួយ ហួសកាលបរិច្ឆេទដែរ។

មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានឲ្យដឹងថា នេះជាការយល់ដឹងរបស់បងប្អូនអាជីវករ ក្នុងការការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ ស្កាត់ផល ប៉ះពាល់ ដល់សុខភាពអ្នកប្រើ តាមរយៈចំណីអាហារ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបន្តថា ទោះបីរកមិនឃើញ ផលិតផលណាមួយមានសារធាតុគីមីក្តី និងហួសកាលបរិច្ឆេទក្តី ក៏ក្រុមការងាររបស់លោក ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់តាំងលក់ផលិតផល ចំណីអាហារឲ្យនៅដាច់ពីគ្នា។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕