(កំពង់ធំ)៖ ខណៈនៅសល់២៦ថ្ងៃទៀតប៉ុណ្ណេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ (នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨) នឹងឈានចូលមកដល់, ប្រជាពលរដ្ឋនៅសង្កាត់កំពង់ក្របៅ និងសង្កាត់កំពង់ធំ បានប្តេជ្ញាចិត្តទាំងអស់គ្នា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបន្តទៅមុខទៀត ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ពលរដ្ឋប្តេជ្ញាដូចនេះបានធ្វើឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅចំពោះមុខលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានចុះជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋជាង១ពាន់នាក់ ដែលមកពីសង្កាត់កំពង់ក្របៅ នាពេលព្រឹក និងសង្កាត់កំពង់ធំ នាពេលរសៀល នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ធំ បានជម្រាបអំពីគម្រោងអភិវឌ្ឍក្រុងស្ទឹងសែន នូវការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធលូរំដោះទឹកភ្លៀង ការកសាងវិមានឯករាជ្យ សាលាសង្កាត់ ព្រមទាំងគម្រោងកែលម្អសួនកុមារ និងច្រំាងស្ទឹងសែន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព ក្រុងស្ទឹងសែនឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបន្ថែមថា ដើម្បីបន្តការអភិវឌ្ឍស្របតាមកំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃការលើកកំពស់កម្រិតជីវភាព ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ ថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងពង្រីកនឹងពង្រឹងកំណើន សេដ្ឋកិច្ចជាតិឲ្យបានកាន់តែល្អប្រសើរឡើង។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន បានសំដែងនូវការគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលោក សុខ លូ ជាប្រធានគណបក្សខេត្ត ដែលតែងតែចុះសាកសួរសុខទុក្ខដោយផ្ទាល់ នៅតាមមូលដ្ឋានមិនថា នៅក្នុងក្រុង ឬនៅតាមជនបទនោះទេ ដើម្បីតបស្នងនូវគុណបំណាច់ ដែលលោកអភិបាលខេត្ត ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រជាពលរដ្ឋទាំងអស់ នៅក្នុងក្រុងស្ទឹងសែន ប្តេជ្ញាចិត្តទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងបោះជំហ៊ាន ឈានទៅរកការអភិវឌ្ឍន៍ និងរីកចម្រើនបន្តទៅមុខទៀត៕