(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជំរាបជូនដំណឹងដល់សាធារណជន ពាណិជ្ជករនាំចូលអាជីវករលក់ដុំ លក់រាយ ថា រដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងអំពីការប្រមូលត្រឡប់មកវិញ ពីទីផ្សារសហរដ្ឋអាមេរិកដោយស្ម័គ្រចិត្តនូវផលិតផល «Kellogg's Honey Smacks cereal ដោយក្រុមហ៊ុន Kellogg Company បន្ទាប់ពីរដ្ឋបាលឱសថ និងម្ហូបអាហារ រួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជម្ងឺឆ្លងសហរដ្ឋអាមេរិក បានស្រាវជ្រាវរកឃើញប្រភព នៃការពុលម្ហូបអាហារបណ្តាល មកពីការទទួលទានផលិតផល Kellogg's Honey Smacks cereal ដែលចែកចាយដោយក្រុមហ៊ុន Kellogg Company មានសក្តានុពលចម្លងចូលបាក់តេរី Salmonella។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ការទទួលទានអាហារ ដែលមានការចម្លងចូលបាក់តេរីនេះ បណ្តាលឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារគ្រុនពោះវៀន។ ល។ ស្ត្រីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់គឺជាជនងាយរងគ្រោះ។

អត្តសញ្ញាណផលិតផលអាហារ Kellogg's Honey Smacks cereal ចែកចាយដោយក្រុមហ៊ុន «Kellogg Company» មានបញ្ជាក់ជូនក្នុងតារាងដូចមានភ្ជាប់ជូនមកជាមួយ។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននឹងកំពុងចាត់វិធានការរួមមាន៖

*រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយក្នុងតារាងជូនភ្ជាប់
*ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយក្នុងករណីមាននំាចូល និងមានចរាចរលើទីផ្សារ
*ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធីប្រសិនបើ មានការដាក់តាំងលក់។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គនាយកដ្ឋានកាំកុងត្រូល សូមអំពាវនាវដល់សាធារណជន សូមកុំទិញផលិតផល ដែលមានអត្តសញ្ញាណ ដូចបានជំរាបជូនខាងលើ និងសូមជួយសហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។

លេខទូរស័ព្ទទំនាក់ទំនង៖
*ទូរស័ព្ទខ្សែទី១៖ ០១២ ២៧៨ ៧៨៩
*ទូរស័ព្ទខ្សែទី២៖ ០៩២ ៩៩៩ ៨៦៧
*ទូរស័ព្ទខ្សែទី៣៖ ០១២ ៩៨៥ ៥៧៧

អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណ និងសង្ឃឹមចំពោះការ យកចិត្តទុកដាក់របស់សាធារណជន ពាណិជ្ជករ អាជីវករទាំងអស់ លើកិច្ចសហការការពារ សុខុមាលភាពអ្នកប្រើប្រាស់ជាពិសេស ស្ត្រីមានផ្ទៃពោះទារកកុមារតូច និងមនុស្សចាស់ ដែលជាជនងាយរងគ្រោះ ឲ្យបានល្អប្រសើរ៕