(ភ្នំពេញ)៖ ក្រុមអាជីវករផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្ដេជ្ញាថា ពួកគេនឹងទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបន្តដង្ហើមជីវិតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជ្រើសរើសមេដឹកនាំដែលជាបំណងប្រាថ្នារបស់ពួកគេ។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News អាជីវករមួយចំនួននៅផ្សារសំណង់១២ បានថ្លែងថា ពួកគាត់បានត្រៀមខ្លួនទៅបោះឆ្នោតរួចរាល់ហើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទោះបីរវល់យ៉ាងណាក្ដី ក៏ត្រូវតែទុកចោលសិន ទៅបោះឆ្នោត ព្រោះការបោះឆ្នោតមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។
ពួកគាត់បានបញ្ជាក់យ៉ាងដូច្នេះ «នេះជាពេលវេលា ដែលពួកខ្ញុំមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្ញុំស្រលាញ់គាំទ្រ ពិសេសមេដឹកនាំដែលមានការគិតគូរ និងយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋជាធំ ដោយមិនទុកពួកគាត់ចោលនោះឡើយ គឺខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន និងជួយឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ»។
សូមបញ្ជាក់ថា នៅសល់តែ២៦ថ្ងៃទៀត ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឈានចូលមកដល់ហើយ។ ការបោះឆ្នោតអាណត្តិនេះមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងរហូតដល់ទៅ២០គណបក្ស។
សូមទស្សនាវីដេអូអាជីវករផ្សារសំណង់១២ បង្ហាញពីការប្ដេជ្ញាចិត្ដទៅចូលរួមបោះឆ្នោត និងបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន បន្ដជានាយករដ្ឋមន្ដ្រី៖