(ភ្នំពេញ)៖ ក្រោយបំពេញបេសកកម្មលើទឹកដីប្រទេសកំណើតរយៈពេល១សប្ដាហ៍កន្លងទៅ នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ត្រូវបានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម្យ និងសំណេះសំណាល មុនលោកស្រីវិលត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញ នារាត្រីថ្ងៃពុធស្អែកនេះ។
ក្នុងឱកាសនោះលោក ថោង ខុន បានសម្ដែងនូវការកោតសរសើរចំពោះមុខកីឡាការិនី ស្រួង ភាវី ដែលបានលះបង់ពេលវេលាខិតខំប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាតំណាងឲ្យកម្ពុជា និងមិនចូលសញ្ជាតិ ទោះបីមានស្វាមីជាជនជាតិកូរ៉េក៏ដោយ។ តាមរយៈការប្ដេជ្ញាចិត្ត ប្រកបដោយឆន្ទៈនេះ ត្រូវបានលោកចាត់ទុកគឺជាកិត្តិយសម្រាប់ខ្លួនគាត់ និងជាមោទនភាពមួយសសម្រាប់ជាតិកម្ពុជាផងដែរ ដែលមានកីឡាការិនីមានសមត្ថភាព និងទេពកោសល្យ ពិសេសគឺមានមនសិការស្នេហាជាតិដូច្នេះ។
ប្រធាន NOCC ដដែលបានបន្ដថា «កីឡាស្នូកឃ័រ ឬបុកប៊ីយ៉ា យើងធ្លាប់មានសហព័ន្ធម្ដងរួចមកហើយ ក្រោយមកក៏បាត់ទៅវិញ។ ចឹងដោយយើងមានអ្នកពូកែ និងមានទេពកោសល្យខ្ពស់ជាជនជាតិយើងស្រាប់ ដូចជាក្មួយ ស្រួង ភាវី ខ្ញុំគិតថា នេះគឺជាឱកាសល្អមួយរបស់យើង ដើម្បីរៀបចំសហព័ន្ធឡើងវិញ ហើយយើងនឹងបង្កលក្ខណៈយ៉ាងណា ដើម្បីឲ្យក្មួយបានមកជួយបង្ហាត់បង្រៀនដល់សហព័ន្ធ ដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»។
បន្ថែមលើនេះលោក ថោង ខុន បានថ្លែងអំណរគុណដល់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលខ្នះខ្នែងជំរុញឲ្យ ស្រួង ភាវី បានមកកម្ពុជា ដើម្បីមានឱកាសរួមចំណែកបង្កើតសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាឡើង។ មិនតែប៉ុណ្ណោះក្នុងនាមប្រធាន NOCC បានប្ដេជ្ញាគៀងគរស្វែងរកការឧបត្ថម្ភដើម្បីផ្ដល់ឱកាសឲ្យកីឡាការិនីឆ្នើមរូបនេះមកកម្ពុជាបានញឹកញាប់ ដើម្បីចែករំលែកបទពិសោធន៍ដល់កីឡាករ-កីឡាការិនីផ្សេងៗ ដើម្បីជំរុញប្រភេទកីឡា ទើបបង្កើតសហព័ន្ធថ្មីនេះឲ្យរីកចម្រើនខ្លាំងនាពេលអនាគត។
ទន្ទឹមជាមួយគ្នា NOCC ក្នុងនាមសេនាធិការជួរមុខមួយនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏បានប្ដេជ្ញាចិត្តបន្ដបេសកកម្មស្វែងរកអ្នកកីឡាឆ្នើមៗជនជាតិកម្ពុជាដែលនៅក្រៅប្រទេស ដើម្បីមកចូលរួមចំណែកដល់ការពង្រឹងវិស័យកីឡាជាតិរបស់យើង។
ជាក់ស្ដែងក្រៅពី ស្រួង ភាវី ដែលបានត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតតំណាងកម្ពុជា ស្ថាប័នកីឡាកំពូលនេះក៏បានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេស ដើម្បីជួយផ្សព្វផ្សាយដល់កីឡាករដែលជាកូនខ្មែរនៅក្រៅប្រទេស ដែលមានស្នាដៃមកចូលប្រកួតជម្រើសជាតិកម្ពុជាយើង មុននឹងទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ក្នុងនាមខ្មែរតែមួយ នឹងដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។
សូមរំឭកថា ស្រួង ភាវី គឺជាស្ដ្រីខ្មែរដ៏ឆ្នើម និងដណ្ដើមបានពានជើងឯក និងជើងឯករងជាង ៣០គ្រឿងកូរ៉េ ពិសេសគឺកីឡាការិនីមានដើមកំណើត នៅខេត្តត្បូងឃ្មុំនេះ ធ្លាប់ឈ្នះជើងឯករងពិភពលោក នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥ ទៀតផង។ ដោយមើលឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់ ភាវី កូរ៉េបានស្នើនាងឲ្យចូលសញ្ជាតិ តែត្រូវបានលោកស្រីបដិសេធ ព្រោះចង់លេងឲ្យកម្ពុជាតែមួយគត់។ តាមរយៈការបង្ហាញស្មារតីស្នេហាជាតិ ដ៏គួរឲ្យគោរពនេះ លោកបណ្ឌិត ថោង ខុន ក៏បានចេញលិខិតសរសើរមួយ ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ ស្រួង ភាវី ទៀតផង៕