(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា តាមការស្រាវជ្រាវថ្មីៗរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឫស្សីត្រឹប បានរកឃើញនូវស្ថានីយបុរាណវត្ថុក្នុងទីតាំងឧទ្យានមានចំនួន ១២៤ទីតាំង ក្នុងនោះមានស្ថានីយឡស្លដែកចំនួន ៤៣ ស្ថានីយត្រពាំងសន្លុងចំនួន១៧ និងស្ថានីយត្រពាំងបុរាណចំនួន ៦៤។
លោកបណ្ឌិត សុខ ទូច បញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការសិក្សាបឋមដើម្បីរៀបចំផែនការមេក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ។
លោកបានថ្លែងបន្តទៀតថា ក្នុងចំណោមស្ថានីយឡស្លដែកធំៗមានស្ថានីយចំនួន ៥កន្លែង មានសំណល់អាចម៍ដែករាប់រយម៉ែត្រគូបលាយឡំជាមួយនឹងបំណែកតាឡែកតូធំ កុលាលភាជន៍ ដែកគោល ចង្កំ កាំបិត ពូថៅ ផ្លែដឹង (ប្រដាប់ប្រើប្រាស់ធ្វើដោយដែកមានដងមានផ្លែសម្រាប់ពុះ ឬចាំងឈើ) នៅតាមទីតាំងនីមួយៗ ដែលបង្ហាញអំពីស្នាដៃសិល្បបច្ចេកទេសស្ល និងចម្រាញ់យកដែករបស់បុព្វបុរសខ្មែរ សម្រាប់ប្រើប្រាស់ផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់កសាងប្រាសាទ ព្រមទាំងយុទ្ធូបករណ៍ក្នុងសឹងសង្គ្រាម។
សូមជម្រាបថា ឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឫស្សីត្រឹបនេះ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ហើយមានតំបន់ជីវចម្រុះ និងមានសក្ដានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍បានយ៉ាងប្រសើរ៕