(កំពង់ធំ)៖ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគម អតីតយុទ្ធជន កម្ពុជាខេត្ត បានដឹកនាំសហការី ទៅប្រគល់ផ្ទះខ្នងទី៨៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្តន៍ឈ្មោះ អ៊ិត សំអឿន នៅភូមិអណ្តូងពោធិ ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ឯក អ៊ិត សំអឿន អាយុ៦០ឆ្នាំ បានចូលបម្រើក្នុងជួរនគរបាលនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ១៩៩៣ អតីតអង្គភាពអធិដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក មានតួនាទីជានាយរងប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំសាមគ្គីភាព ស្រុកប្រាសាទបល្ល័ង្ក នៃស្នងការនគរបាលខេត្តកំពង់ធំ និងបានផ្ទេររបបជីវភាពទៅមន្ទីរសង្គមកិច្ច ជានិវត្តន៍ជន នៅឆ្នាំ២០១៥ ។ បច្ចុប្បន្នលោក អ៊ិត សំអឿន មានភរិយាឈ្មោះ ហ៊ាន សុភី អាយុ៤៧ ឆ្នាំ មានកូន០១ នាក់ នៅក្នុងបន្ទុក រស់នៅភូមិអណ្តូងពោធិ ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្រកបមុខរបរធ្វើស្រែចំការបន្តិច គ្រាន់បានប្រាក់កម្រៃបន្ថែម ជាមួយនិងប្រាក់បៀវត្សប្រចាំខែ។ សព្វថ្ងៃលោក អ៊ិត សំអឿន បានទទួលប្រាក់បៀវត្សប្រចាំខែពីរាជរដ្ឋាភិបាល ចំនួន ៨០០,០០០ រៀល ផងដែរ ។
ផ្ទះថ្មីដែលបានប្រគល់ជូននេះ មានទំហំ ៦ម៉ែត្រx៤ម៉ែត្រ សង់ខ្ពស់ផុតពីដីដំបូង និងជញ្ចាំង ស័ង្កសី ក្រាលក្តារ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ចំនួន ៦,៥៨០,០០០ រៀល (គិតទាំងថ្លៃឈ្នួលជាងផងដែរ) ។
នៅក្នុងឱកាសប្រគល់ផ្ទះនោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករ ៥០ គីឡូក្រាម មីយើង០២កេស ទឹកត្រីទឹកស៊ីអ៊ីវ០២ យួរ មុងជ្រលក់ថ្នាំចំនួន ០២ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា ៥៥០,០០០ រៀល។
អាជ្ញាធរ ភូមិ-ឃុំ ប្រជាពលរដ្ឋ ព្រះសង្ឃ និងក្រុមគ្រួសារអតីតយុទ្ធជន មានក្តីរំភើបរីករាយយ៉ាងក្រៃលែង សូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមជួបប្រទះតែពុទ្ធទាំងឡាយបួនប្រការ និងសូមប្តេជ្ញាគ្រាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ៕