(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និង លោកស្រី លំ សុគន្ធារី អនុប្រធានក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិការ គណបក្សប្រជាជនកម្ពុជា ដើម្បីណែនាំពីការងារពង្រឹងបក្ស និងការងារឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧នេះ នៅភូមិផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពី សមាជិក-សមាជិការ ប្រមាណ២០០នាក់។
លោកស្រី លំ សុគន្ធារី បានថ្លែងអំណរគុណដល់សមាជិកសមាជិការគណបក្ស ទាំងអស់ដែលបានចូលរួមព្រោះថា ប្រទេសជាតិបើគ្មានសុខសន្តិភាព ទេកុំថាឡើយ ការអភិវឌ្ឍន៍ សូម្បីសិទ្ធសេរីភាពផ្សេងៗក៏គ្មានដែរ ដូច្នេះយើងទាំងគ្នាត្រូវខិតខំរួមសាមគ្គីគ្នាថែរក្សាសមិទ្ធអ្វី ដែលយើងមានសព្វថ្ងៃពិសេសថែរក្សានូវសុខសន្តិភាព ដូចសព្វថ្ងៃនេះឲ្យបាន ស្របតាមរយៈគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន គឺបានពង្រឹង និងធានាបាននាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិ និងប្រជាជនយើង។
ថ្លែងក្នុងឱកាសនោះដែរ លោកស្រី ឃួន ឃុនឌី បានសង្កត់ធ្ងន់ថា មិនមែនបុគ្គលណាម្នាក់រាប់ទាំងរូបលោកជំទាវផងដែរ ដែលអាចដណ្តើមយកជ័យជំនះជូនបក្សបាន ដោយគ្មានកម្លាំងសាមគ្គីភាពនោះឡើយ ដើម្បីបក្ស និងដើម្បីការពារសុខសន្តិភាព ដែលមានសព្វថ្ងៃនេះឲ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខំប្រឹងប្រែងខ្លាំងណាស់។
លោកស្រីបន្ដថា អាស្រ័យហេតុដូច្នេះហើយ យើងទាំងអស់គ្នាត្រូវតែរួមសាមគ្គីកៀកស្មាគ្នា ចុះទៅពន្យល់ដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ រាប់ទាំងសាច់ញាតិ របស់ខ្លួនផងដែរ ឲ្យពួកគាត់នាំគ្នាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេច បានដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានរីកចម្រើនបន្តទៀត។
រឿងកំហុសតូចតាច របស់មន្ត្រី គឺពិតជាមាន តែសូមបងប្អូនពិចារណាថា គ្រួសារមួយមានកូនពីរបីនាក់ មានម្នាក់ខូច ម្នាក់ល្អ ចុះទំរាំសម្តេចគ្រប់គ្រងលើមនុស្ស រាប់លាននាក់ គង់អីនឹងមានអ្នកខូចខ្លះ ជាមិនខាននោះទេ ហើយលោកស្រីបានផ្ដាំផ្ញើទៅសមាជិក-សមាជិការ សូមកុំជឿតាមពួកបក្ស ដែលលាបពណ៌ឲ្យសោះ។
ចុងក្រោយលោកស្រីបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ឲ្យមានតម្លាភាព ត្រូវដោះស្រាយដោយមានភាពយុត្តិធម៌ ត្រឹមត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ប្រជាពលរដ្ឋ និងអញ្ជើញចូលរួមទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែ កក្តដា ឆ្នាំ២០១៨ ខាងមុខនេះ៕