(កណ្ដាល)៖ លោកឧកញ៉ា បណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណពង្រឹងស្រុកស្អាង ប្រធានគណៈពង្រឹង ឃុំតាលុន ស្រុកស្អាង ខេត្តកណ្តាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើសិទ្ធ និងកាតព្វកិច្ច ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី៦នេះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបោះឆ្នោតគាំទ្រការអភិវឌ្ឍ ការពារសុខសន្តិភាព ការពារសមិទ្ធិផល ការពារផលប្រយោជន៍ប្រជាជន។

លោកថ្លែងបែបនេះ ក្នុងឱកាសលោក និងក្រុមការងារគណបក្សប្រជាជនកម្ពុជា បាននាំយក ទៀនព្រះវស្សា ព្រមជាមួយទេយ្យវត្ថុជាច្រើនមុខ ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ត កេតុបុទុម (តាលន់)ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

លោកឧកញ៉ា បណ្ឌិត ជា រតនា ក៏បានអំពាវនាវ ឲ្យប្រជាជន ទាំងអស់នៅឃុំតាលុន ទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ ដោយប្រើសិទ្ធ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ ដោយឈរលើ មូលដ្ឋានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា ពិសេស លោក តាលោកយាយ ប្រជាពលដ្ឋដែលចូលរួមក្នុងវត្ត កេតុបុទុមនេះ ប្រសិនបើចង់បានការអភិវឌ្ឍន៍នៅមូលដ្ឋានកាន់តែល្អប្រសើរថែមទៀត សូមមេត្តាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។

លោកបានបញ្ជាក់ថា គោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា គឺយកផលប្រយោជន៍ប្រជាជនជាធំ ដែលធ្វើអ្វីៗ ដើម្បីប្រជាពលរដ្ឋ ខិតខំតម្លើងប្រាក់បៀវត្សរ៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ-កម្មការិនីរោងចក្រ ខិតខំកសាងសមិទ្ធិផលជាច្រើននៅទូទាំងប្រទេស និងធ្វើឱ្យជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែធូរធា ផ្ទុយពីគណបក្សប្រឆាំងដែលមិនបានយកផលប្រយោជន៍ ប្រជាជនជាធំនោះទេ គឺមានតែការបោះបោរ និងឲ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ការងារការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះខ្មែរត្រូវរួមគ្នា ការពារសុខសន្ដិភាព និងការអភិវឌ្ឍន៍កាន់ខ្លាំងឡើង សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី៕