(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារស្រុកកញ្ជៀច នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការសម្រេចចិត្ត បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺជាការត្រឹមត្រូវ ព្រោះថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរួមរស់ និងរំដោះបងប្អូន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។
ការលើកឡើងយ៉ាងដូច្នេះ ខណៈដែលនាយឧត្តមសេនីយ៍ ដាំ វុទ្ធី អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ក្នុងពិធីបើកវគ្គបំប៉ននយោបាយដល់យុវជន វាគ្មិន ឃោសនិក និងអ្នកច្បាប់គណបក្សប្រជាជនរបស់ស្រុកស្វាយអន្ទរ និងកញ្រ្ជៀច ប្រមាណ៥០០នាក់ នៅស្នាក់ការ គណបក្សប្រជាជនឃុំចុងអំពិល ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានផ្តោតសំខាន់ទៅលើខ្លឹមសារស៊ីជម្រៅ និងផ្សព្វផ្សាយឲ្យសមាជិក-សមាជិកាទាំងអស់ បានយល់ច្បាស់អំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលដ៏ខ្លីខាងមុខនេះ ។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបំពេញតួនាទីភារៈកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវចិញ្ចឹមចលនាធ្វើជាមន្ដ្រីល្អ ត្រូវយកចិត្តទុកដាក់ ពីសុខទុក្ខជីវភាព រស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ ពិសេសត្រូវបន្តខិតខំធ្វើអំពើល្អ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានភាពជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន នៅពេលខាងមុខនេះ។
នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានបន្ដទៀតថា ម៉្យាងវិញទៀត ត្រូវចូលរួមលើកម្ពស់ការពារតម្លៃនៃសុខសន្ដិភាព បន្ដជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដោយចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។ លោកបញ្ជាក់ថា «ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានសុខសន្តិភាព ទើបមានវិនិយោគទុន ដូច្នេះយើងត្រូវរួបរួមសាមគ្គីគ្នា រក្សាសុខសន្ដិភាពឲ្យបានដូចសព្វថ្ងៃនេះ» ។
នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់បងប្អូនសមាជិកចាស់ សមាជិកថ្មី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបាន គ្រប់ៗគ្នា ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យបានយូរអង្វែង សម្រាប់អនាគតកូនចៅយើងបន្តទៅទៀត កុំជឿតាមការញុះញង់ របស់ក្រុមជនអគតិមួយចំនួន កុំឲ្យទៅចូលរួមបោះឆ្នោត៕