(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញសារនយោបាយ នៅលើបណ្តាញសង្គម Facebook ថា រាជរដ្ឋាភិបាល មិនឈប់នៅត្រឹមនេះទេ គឺយើងបន្តពួតដៃគ្នាអភិវឌ្ឍកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ និងកាន់តែរីកចម្រើន ហើយសម្តេចនឹងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជាច្រើនឆ្នាំទៀត។ យើងដើរទៅមុខទាំងអស់គ្នា ដោយមិនឱ្យកម្ពុជា វិលទៅរកសង្រ្គាម និងវិនាសកម្មសារជាថ្មីបានឡើយ។
សម្តេចបានបញ្ជាក់ទៀតថា៖ យើងទាំងអស់គ្នាមានមោទនភាពក្រៃលែងចំពោះការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ។ ប្រសិនបើគិតពីភាពខ្ទេចខ្ទាំដោយសារសង្រ្គាមស៊ីវិល និងរបបវិនាសកម្មប្រល័យពូជសាសន៍ប៉ុលពតកន្លងមកនេះ គឺយើងមិននឹកស្មានថា កម្ពុជាបានឈានមកដល់ដំណាក់កាលនេះឡើយ ព្រោះពេលនេះកម្ពុជាមានអ្វីៗគ្រប់យ៉ាងជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ហើយបានងើបឈរស្មើមុខស្មើមាត់ជាមួយប្រទេសលើពិភពលោក»។
ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានយកឱកាសនេះ អំពាវនាវដល់ បងប្អូនជនរួមជាតិបោះឆ្នោតឱ្យ «គណបក្សប្រជាជនកម្ពុជា» លេខរៀងទី ២០ ដើម្បីកម្ពុជាយើងឈ្នះទាំងអស់គ្នា កម្ពុជាកាន់តែរីកចម្រើនរុងរឿងទៅមុខ៕