(កណ្តាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ បានជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាចំនួន៧៧៣នាក់ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងថា នៅក្នុងនីតិកាលទី៥នេះ វិស័យអប់រំត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងត្រូវបានកែទម្រង់យ៉ាងស៊ីជម្រៅ ដែលនាំឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានជាច្រើន មានជាអាទិ៍៖ ការពង្រឹងគុណភាពវិស័យអប់រំនៅគ្រប់កម្រិត, ការលុបបំបាត់ការលួចចម្លងគ្នា នៅក្នុងពេលប្រឡងនានា ជាពិសេសការប្រឡងមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី ១២), ការតម្លើងប្រាក់បៀវត្សជាង ៣ ដង និងការផ្តល់នូវការឧបត្ថម្ភគាំពារផ្សេងៗដទៃទៀត ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ របស់លោកគ្រូ-អ្នកគ្រូទាំងអស់នៅទូទាំងប្រទេស ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយប្រសិទ្ធភាព, ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពជាងគេ ដោយបានបង្កើនចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា រហូតដល់ប្រមាណជាង៣ដង គិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨នេះ ពីព្រោះរាជរដ្ឋាភិបាលដឹងច្បាស់ថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព, សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេសទាំង ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយវិស័យអប់រំនឹងនៅតែជាវិស័យអាទិភាពសម្រាប់ប្រទេសកម្ពុជា នៅក្នុងនីតិកាលក្រោយៗទៀត ដរាបណាប្រជាពលរដ្ឋនៅតែបន្តជឿទុកចិត្ត និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានអំពាវនាវឱ្យលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ទៅបោះឆ្នោត និងសូមជំរុញឪពុក-ម្តាយ, បងប្អូន, កូនចៅ និងមិត្តភ័ក្ត្ររបស់ខ្លួនដែលគ្រប់អាយុ, ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ ដើម្បីឱ្យជីវភាពរស់នៅរបស់ខ្លួនកាន់តែល្អប្រសើរថែមទៀត ក៏ដូចជាដើម្បីបន្តចូលរួមថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិទាំងមូល៕