(កណ្តាល)៖ នៅថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ លោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា រួមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងសហការី បាននាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យរបស់ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មកប្រគេនដល់ព្រះសង្ឃ គង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ច័យចំនួន ៤០លានរៀល និងទេយ្យវត្ថុរួមមាន អង្ករ ៣តោន មី ១០០កេស ត្រីខ ១០កេសធំ ទឹកក្រូច ៣០កេស ទឹកសុទ្ធ ៣០កេស ទឹកដោះគោខាប់ ៥កេស កាហ្វេហ្គោរូស ៣០កញ្ចប់ធំ តែ ៥គីឡូក្រាម និងស្ករស ៥០គីឡូក្រាម នឹងជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួន ៣០៧អង្គ ទុកសម្រាប់ប្រើប្រាស់ ក្នុងពេលចូលកាន់ព្រះវស្សា ក្នុងរយៈពេល៣ខែ ក៏ដូចជាការលើកទឹកចិត្ត និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្ដទុកដាក់ ចំពោះប្រជាពលរដ្ឋរងគ្រោះជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពិសេសនៅក្នុងថ្ងៃនេះ ដោយព្រះសង្ឃជាង៣០០អង្គ ដែលគង់នៅវត្ដក្រពើហា ដែលត្រូវការសម្ភារៈ ថវិកា ដើម្បីសិក្សារៀនសូត្រ ដូច្នេះ ទេយ្យវត្ថុទាំងនេះ ព្រះសង្ឃអាចយកទៅប្រើប្រាស់បានតាមតម្រូវការបាន ៕