(កណ្ដាល)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសុខសន្តិភាព ភាពសម្បូរសប្បាយរុងរឿង និងការរួបរួមគ្នាអភិវឌ្ឍប្រទេសជាបន្តទៀត សូមអញ្ជើញប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបំពេញសិទ្ធិជាប្រជាពលរដ្ឋ និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់កម្លាំងចិត្ត និងការគាំទ្រឲ្យលោកដឹកនាំប្រទេសកាន់តែរីកចម្រើន និងប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាពមុខទៀត។
ការថ្លែងបែបនេះរបស់ លោក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវភូមិគំរូសប្បុរសធម៌កាតា ចំនួន១០០ខ្នងផ្ទះ ក្រោមជំនួយសមាគម សប្បុរសធម៌កាតា (QATAR CHARITY) សហការជាមួយយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម នៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានផលប្រយោជន៍ចំនួន២ ដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតទាំងអស់គ្នា គឺទី១៖ ផ្ដល់ឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបន្តទៅទៀត និងទី២៖ប្រឆាំងនឹងការបំផុសរបស់គណបក្សប្រឆាំង ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងញុះញង់ប្រជាពលរដ្ឋបះបោរ ដោយហិង្សាក្រោយពេលការបោះឆ្នោត ដែលអាចបំផ្លាញសុខសន្តិភាព និងប្រឆាំងដាច់ខាតចំពោះគោលនយោបាយរបស់គណបក្សប្រឆាំង ដែលស្នើឲ្យបរទេស ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា ដែលបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ។
បើតាមលោក ហ៊ុន ម៉ាណែត, សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសតាំងពីបាតដៃទទេ ក្រោយពីប្រជាពលរដ្ឋទាំងអស់គ្នា បានរងទុក្ខវេទនា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយឆ្នាំ ១៩៧៩ យើងមានបាតដៃទទេ បើយើងមិនរួមគ្នា យើងមិនអាចទប់ស្កាត់ការវិលត្រឡប់របស់ ប៉ុល ពត បានទេហើយខ្មែរយើងក៏មិនអាចរស់បានសុខ និងកសាងប្រទេសរីកចម្រើនដូចសព្វថ្ងៃដែរ។
លោកបានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់គណបក្សប្រជាជនទាំងមូល បានដឹកនាំប្រទេសក្នុងរយៈពេល៤០ឆ្នាំហើយ បានរំលត់សង្គ្រាមរយៈពេលជាង៥០០។ ឆ្នាំនេះ គឺជាសមិទ្ធផល និងឆន្ទៈរបស់សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន មិនឲ្យសង្គ្រាមវិលត្រឡប់មកវិញ ហើយជួយឲ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព អាចរួមរស់ជាមួយគ្នាដើម្បីជួយអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។ ប្រជាពលរដ្ឋមិនចង់ឲ្យមានសង្គ្រាម ចង់បានសន្តិភាព និងការអភិវឌ្ឍបន្តទៀតដើម្បីប្រជាជន ដែលនេះគឺជាគោលការណ៍របស់រាជរដ្ឋាភិបាល និងជាមោទនភាពរបស់យើងទាំងអស់គ្នា។
លោក ហ៊ុន ម៉ាណែត បន្ថែមថា សូមប្រជាពលរដ្ឋបន្តជឿទុកចិត្តចំពោះរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋចុះជាប់ជាមួយប្រជាពលរដ្ឋ ដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ នេះគឺជាកម្លាំងចិត្តជាទឹកចិត្តជាមួយប្រជាពលរដ្ឋ និងឆន្ទៈដឹកនាំប្រទេស ឲ្យបានរុងរឿង និងឲ្យប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ ដូច្នេះសូមប្រជាពលរដ្ឋបោះឆ្នោតជូនសម្តេចតេជោ ដើម្បីថែរក្សាសមិទ្ធផលទាំងអស់គ្នាជាបន្តទៅទៀត ហើយរួមគ្នាកសាងប្រទេសទៅមុខទៀត៕