(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានបញ្ជាក់ថា វត្តមានដ៏ច្រើនរបស់ជនជាតិចិននៅកម្ពុជា មិនមែនជាវត្តមានជនភៀសខ្លួនទេ តែជាវត្តមានភ្ញៀវទេសចរ អ្នកវិនិយោគ និងកម្មករដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍនានានៅកម្ពុជា ពោលគ្មានអ្វីជាអាថ៌កំបាំងដែលចិនមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាឡើយ។
ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងការបរទេស ត្រូវបានធ្វើឡើងក្រោយជំនួបរវាង លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយលោក Hu Zhengyue អនុប្រធានសមាគមការទូតចិន និងជាអតីតអនុរដ្ឋមន្រ្តីការបរទេសចិន នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេស។
លោក ជុំ សុន្ទរី បានថ្លែងថា គ្មានអ្វីជាអាថ៌កំបាំងទេដែលជនជាតិចិនមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ទាំងការចូលមកវិនិយោគ ការផ្ដល់ជំនួយអភិវឌ្ឍន៍ ការផ្ដល់អាហារូបករណ៍ ការបើកផ្លូវឱ្យទេសចរមកទស្សនាកម្ពុជាជាដើម។
លោកថ្លែងយ៉ាងដូច្នេះថា «ចិនគេចូលមកដើម្បីវិនិយោគទុន ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា ដូច្នេះវត្តមានអ្នកវិនិយោគ វត្តមានកម្មករ ដើម្បីចូលមកអនុវត្តនូវបណ្ដាគម្រោងនានាចិននៅកម្ពុជា ហ្នឹងជាមូលហេតុចម្បងដែលធ្វើឱ្យមានវត្តមានចិននៅកម្ពុជា។ ដូចសម្ដេចតេជោបានបញ្ជាក់ហើយថា វាមិនមែនជាការនាំចូលនូវជនភៀសខ្លួនចិននោះទេ គឺជាការនាំចូលនូវអ្នកវិនិយោគចិន និងវត្តមានកម្មករចិន ដើម្បីអនុវត្តនូវគម្រោងអភិវឌ្ឍដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា»។
លោកបន្តថា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិទៅកាន់ពិភពលោក កម្ពុជាស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការគ្រប់ប្រទេស ដោយពុំមានការបែងចែកប្រទេសណាមួយឡើយ។ កម្ពុជាស្វាគមន៍ការចូលមកធ្វើវិនិយោគទុនរបស់បណ្ដាប្រទេសលើសកលលោក និងស្វាគមន៍ចំពោះវត្តមានភ្ញៀវទេសចរអន្តរជាតិនានា។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ចំពោះទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសចិន គឺដូចទៅនឹងទំនាក់ទំនងជាមួយប្រទេសដទៃដែរ ប៉ុន្តែដោយសារអ្នកវិនិយោគ និងទេសចរចិនចូលមកធ្វើវិនិយោគ និងមកទេសចរណ៍នៅកម្ពុជាច្រើនជាងគេ ទើបធ្វើឱ្យវត្តមានជនជាតិចិននៅកម្ពុជាច្រើនជាងជនជាតិដទៃ តែមិនមែនជាការព្រួយបារម្ភនោះឡើយ។
ពាក់ព័ន្ធនឹងជំនួបខាងលើ ត្រូវបានលោក ជុំ សុន្ទរី បញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល ប្រាប់លោក Hu Zhengyue ក្នុងបំណងចង់ឱ្យភាគីមិត្តចិនជួយជ្រោមជ្រែង ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា ខណៈលោក Hu Zhengyue ក៏បានបង្ហាញបំណងចង់ពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ក្នុងនាមប្រទេសជាមិត្តដ៏ជិតស្និទ្ធ៕