(ព្រះវិហារ)៖ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានអញ្ជើញចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ មកពី៣ភូមិ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរជុំវិញខេត្តជាច្រើនរូបទៀត។
លោក មាស សុភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលបណ្ណកម្មសិទ្ធិដីធ្លី ក្នុងបរិយាកាសដ៍សែនរីករាយនេះ។
លោកបន្តទៀតថា ក្នុងយុទ្ធនាការអនុវត្តន៍គោលនយោបាយចាស់ សកម្មភាពថ្មីលើវិសយ័ដីធ្លី គឺជាកែទម្រង់ដ៏ស៊ីជម្រៅ ដើម្បីដោះស្រាយស្ថានភាពការកាន់កាប់ដីធ្លីឲ្យមានប្រសិទ្ធិភាព សុវត្ថិភាពរឹងមាំ ធ្វើឲ្យកសិករមានដីកសិកម្ម ដើម្បីប្រកបអាជីវកម្មលើកកម្ពស់ជីវភាពរស់នៅ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ គេនៅចាំបានក្នុងយុទ្ធនាការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ខេត្តព្រះវិហារ យើងបានចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន១៨៥៥៨គ្រួសារ។
ជាមួយគ្នានោះដែរ លោក មាស សុភា បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរខេត្តព្រះវិហារ ក្នុងការរៀបចំកិច្ចដំណើរការ ជាការអនុវត្តកម្មវិធីលើវិសយ័ដីធ្លីតាមក្រុង ស្រុកដែលជាគោលដៅ របស់ខេត្តទៅតាមជំហ៊ានការងារ ដូចជា ការប្រកាសតំបន់វិនិច្ឆ័យ ការកំណត់ព្រំប្រទល់ ការវាស់វែងក្បាលដីនីមួយៗ ពុះក្បាលដី និងបំពេញទម្រង់បែបបទ និងប្រមូលទិន្ននយ័បញាក់ក្បាលដី ការបិទផ្សាយសាធារណៈ និងទិន្នន័យបញ្ជាក់ក្បាលដីទាំងអស់ នៅក្នុងតំបន់វិនិច្ឆ័យក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ទុកឲ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធ បានផ្ទៀងផ្ទាត់សុំកែទិន្នន័យ។ លោកបន្តថា ជាក់ស្តែងថ្ងៃនេះ យើងប្រារព្វពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុចំនួន២០០៣៣ក្បាលដី។
នៅក្នុងឱកាសនោះលោក មាស សុភា បានគូសបញ្ជាក់ថា បណ្ណសម្គាល់ដីធ្លីជាឯកសាររដ្ឋបាល ដែលបញ្ជាក់សិទ្ធិជាម្ចាស់ក្បាលដីនិមួយៗ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋយើងបានទទួលនូវសុវត្ថិភាព ការកាន់កាប់ដីធ្លីរបស់ខ្លួន។ លោកបញ្ជាក់ថា ដ៏រាបណា គណបក្សប្រជាជនកម្ពុជានៅដឹកនាំរាជរដ្ឋាភិបាល បន្ធលើដីធ្លីរបស់ប្រជាកសិករ ដែលធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ គឺមិនត្រូវបានយកពន្ធទេ។
ជាមួយគ្នានេះដែរ លោក មាស សុភា ក៏បានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីត្រូវយកទៅថែរក្សាឲ្យបានល្អ ព្រោះវាជាទ្រព្យដ៏មានតម្លៃសម្រាប់យើង សម្រាប់កូនចៅយើង។ ដោយឡែក នៅថ្ងៃបោះឆ្នោតខាងមុខនេះ លោកបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា បោះឆ្នោតជូនគណបក្សណាដែលយើងពេញចិត្ត គណបក្សណាដែលបំរើបងប្អូនរហូតមក៕