(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ បានបង្ហាញការពេញចិត្តទៅនឹងការគាំទ្ររបស់ចិន ចំពោះការដឹកនាំនៅក្នុងប្រទេសកម្ពុជា។ សម្តេចបានថ្លែងថា ការគាំទ្ររបស់ចិនមកលើកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រទេសកម្ពុជា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ កក្កដា ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១រវាង ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ឆ្នាំ១៩៥៥ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី និងការបំពេញទស្សនកិច្ច ទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ១៩៥៦។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះ បានកសាងឡើងរួមគ្នា ដោយព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង នាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនៗ ដែលធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។

សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦០ឆ្នាំ កន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារ ឧបសគ្គជាច្រើន ដើម្បីដឹកនាំប្រទេស និង ប្រជាជន ឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។ ការរីកចម្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាព ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងចូលរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេស ក្នុងតំបន់និងក្នុងពិភពលោកទៀតផង។ ជាក់ស្តែង ក្នុងក្របខ័ណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ» បង្កើត «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះឈ្នះ» រវាងប្រទេសក្នុង រង្វង់តំបន់ខ្សែ ក្រវ៉ាត់ និងផ្លូវសូត្រតាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត ដែលកម្ពុជាសូមគាំទ្រគំនិត ផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។

សម្តេចតេជោ បានបង្ហាញការជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន នឹងរួមចំណែកកសាងសហគមន៍ ដែលមានជោគវាសនាល្អប្រសើររួមគ្នាសម្រាប់មនុស្សជាតិទាំងមូល ដូចដែលលោកប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់បានលើកឡើងកាលពីថ្មីៗនេះ។ ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី២របស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅរាជធានីភ្នំពេញនាថ្ងៃទី១០-១១ ខែមករា កន្លងទៅ គឺជាការបើកឆាកនៃការ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ចាប់ពីដើមឆ្នាំ២០១៨ កម្ពុជាបានរៀបចំការសម្តែងសិល្បៈចម្រុះ កម្ពុជា-ចិន ស្របពេលជាមួយពិធីបុណ្យចូលឆ្នាំចិន ការរៀបចំពិព័រណ៍ រូបថត វេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ ២០១៨ និងវេទិកាកំពូល ទេសចរណ៍កម្ពុជា-ចិនលើកទី ១ និងបន្តមានសកម្មភាពផ្សេងៗ ទៀត រហូតដល់ចុងឆ្នាំ ដូចជាការផ្លាស់ប្តូរទស្សនកិច្ច គ្រប់កម្រិត រួមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និង យុវជន ការរៀបចំសិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍ ញណិជ្ជកម្ម និងវិនិយោគជាដើម។

ប្រទេសចិនជាដៃគូញណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។ ទំហំញណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ មានចំនួន ៥,៥៧៧លានដុល្លារឤមេរិក កើនឡើងជាង២១,៧% បើធៀបនឹងឆ្នាំ២០១៦។ ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១,៦៤៤លានដុល្លារឤមេរិក។ លើសពីនេះ ប្រទេសទាំងពីរក៏បានឯកភាពគ្នាជំរុញទំហំញណិជ្ជកម្មឲ្យកើនឡើងដល់៦,០០០លានដុល្លារឤមេរិក នៅឆ្នាំ២០២០។ ចំពោះវិស័យទេសចរណ៍ មានក្រុមហ៊ុនឤកាសចរណ៍ចំនួន១៥ កំពុងធ្វើប្រតិបត្តិការ ហោះហើរទៀងទាត់រវាង កម្ពុជា និង ចិន។ នៅឆ្នាំ ២០១៧ ទេសចរចិនមានប្រមាណ ១,២លាននាក់។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨ នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិសរុប ១,៧លាននាក់ ដែលក្នុងនោះទេសចរចិនមានចំនួនជាង ៥០ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិនក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងការចាត់វិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការការពារសន្តិសុខ និងស្ថិរភាពសង្គម។ កម្ពុជាសូមអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការ និងផ្លែផ្កា ដែលទទួលបាននាពេលកន្លងមក។

សម្តេចតេជោ បានថ្លែងថា កម្ពុជាប្តេជ្ញាបន្តលើកកម្ពស់វិសាលភាព នៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឲ្យឈានដល់ កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕