(ភ្នំពេញ)៖ វេទិការសម្ព័ន្ធសង្គមស៊ីវិល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាដើម្បីបញ្ជ្រាបការយល់ដឹង ដល់យុវជនស្តីពី «គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» និងការអភិវឌ្ឍប្រទេសកម្ពុជា ដែលមានវាគ្មិនសំខាន់ៗចូលរួម លោកបណ្ឌិត អេង កុកថាយ អគ្គលេខាធិការរង នៃវេទិការសម្ព័ន្ធសង្គមស៊ីវិល និងជាអគ្គនាយកវិទ្យាស្ថានកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍, លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ទីប្រឹក្សា នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា (CSAF) និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ, លោកបណ្ឌិត នាក់ ចិន្ដារិទ្ធិ ជាស្ថាបនិក និងជាប្រធាន នៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រ សមុទ្រសតវត្សរ៍ទី២១ និងជាប្រធានដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ និងលោកបណ្ឌិត វរះ ថានិត រួមទាំងមានយុវជនចូលរួមប្រមាណជិត១០០នាក់ផងដែរ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា។
លោកបណ្ឌិត អេង កុកថាយ បានឱ្យដឹងថា គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) គឺជាវេទិកាសេដ្ឋកិច្ច និងវប្បធម៌អន្ដរទ្វីបមួយដែលតភ្ជាប់ ប្រទេសចំនួន៦៥ ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ហើយ BRI ដើរតួជាចលករជំរុញ និងជាម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចសកលលោក ដោយសារតែវាពង្រឹងប្រព័ន្ធអន្ដរជាតិដោយបើកចំហ និងរួមបញ្ចូលរាល់ប្រទេសពាក់ព័ន្ធ។
លោកបានបន្តទៀតថា ទោះបីជា BRI ត្រូវបានស្នើឡើងដោយប្រទេសចិនក៏ដោយ ក៏វាជាកម្មសិទ្ធិរបស់ប្រទេសជាសមាជិកទាំងអស់ផងដែរ ហើយប្រទេសកម្ពុជា ដែលជាប្រទេសគាំទ្រដ៏ខ្លាំងក្លាមួយរបស់ BRI បានខិតខំប្រឹងប្រែងសម្រេចបាននូវចក្ខុវិស័យ និងផែនការសកម្មភាពរបស់ BRI ដោយសំដៅលើកកម្ពស់ការ យល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃការអនុវត្តគម្រោង BRI នៅក្នុងប្រទេសកម្ពុជា ការយល់ឃើញរបស់ភាគីពាក់ព័ន្ធតាមមូលដ្ឋាន និងទស្សនៈវិស័យនាថ្ងៃអនាគត់។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានឱ្យដឹងដែរថា ផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ ជាគំនិតផ្តួចផ្តើមមួយនៅឆ្នាំ២០១៣ ដែលមានរយៈពេល៥ឆ្នាំមកហើយ ដែលជានយោបាយ យុទ្ធសាស្ត្រ ដ៏វែងឆ្ងាយមួយ របស់ប្រទេសចិន ជាពិសេសរបស់លោក ស៊ី ជិនភីង និងជានយោបាយការបរទេសមួយ ដែលជាស្នូលរបស់ប្រទេសចិន។
លោកបានបន្តទៀតថា នៅក្នុងគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ នៅក្នុងតំបន់យើងនេះមានគំនិតផ្តូចផ្តើមចំនួន២ ដែលដឹកនាំដោយប្រទេសចិន និងឥណ្ឌូប៉ាស៊ីភិច ដែលកំពុងតែដឹកនាំដោយ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ហើយនៅក្នុងប្រទេសដែលជាសមាជិកទាំង១០ មិនទាន់បានបញ្ចេញនូវគោលជំហរណាមួយរបស់គម្រោងផ្លូវមួយ ខ្សែក្រវាត់មួយនេះទេ ហើយចំពោះប្រទេសកម្ពុជាវិញ បានគាំទ្រនូវគំនិតទាំងពីរ។ ដោយឡែក ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសកម្ពុជាគាំទ្រនោះ គឺដោយមានភាពសេរី និងទូលាយ ដែលដឹកនាំដោយប្រទេសជប៉ុន ពីព្រោះកម្ពុជាមានទំនាក់ទំនងល្អជាមួយជប៉ុន ទាំងផ្នែកយុទ្ធសាស្ត្រ ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៍របស់ប្រជាជន។
គូរបញ្ជាក់ដែរថា គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ ស្នើឡើងដោយប្រទេសចិន មានគោលបំណងថែរក្សាប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ តាមរយៈការលើកទឹកចិត្ត ដល់បណ្តាប្រទេសមានគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវ៉ាត់មួយ ឱ្យបន្តបើកទូលាយ និងទទួលបានប្រយោជន៍នានា ក្នងការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែស៊ីជម្រៅថែមទៀត។
ដោយសារតែមានការសម្រេចបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ជាលទ្ធផល នៃគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានកំណត់មូលដ្ឋានដើម ចូលរួមជាចុងក្រោយ នៅក្នុងកម្មវិធីគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយអន្តរទ្វីប ក្នុងរយៈពេល៥ឆ្នាំក្រោយ។ ប្រទេសកម្ពុជាបានគាំទ្រគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ តាំងពីដំបូងដោយមានជំនឿថា គំនិតផ្តួចផ្តើមនេះ និងលើកស្ទួយឱកាសសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិកផ្សេងៗទៀត តាមរយៈការពង្រឹងសន្តិភាពក្នុងស្រុក ក្នុងតំបន់ និងសកលលោក៕