(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានអំពាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ ហើយមានបណ្ណព័ត៌មាន ត្រូវទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទផ្សាយនៅតាមការិយាល័យរៀងៗខ្លួន ដើម្បីទទួលបានព័ត៌មាន និងត្រៀមលក្ខណៈសម្រាប់ការចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

ការអំពាវរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាស ដែលលោកប្រើប្រាស់តួនាទីជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយបងប្អូនអាជីវករផ្សារពោធិ៍សាត់។

លោកអភិបាលខេត្ត បានបន្ថែមថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការសាងសង់ដំបូលផ្សារ លើកកម្ពស់ថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ សំដៅរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានោះ លោកបានចាត់ឱ្យភាស៊ីផ្សារ សហការជាមួយអាជីវករ ចូលរួមក្រាលសាបឱ្យបានស្អាត ល្អ សមរម្យ និងចាត់ឱ្យមេជាងសិក្សា កំហាប់ខ្យល់ ដាក់កង្ហារលើដំបូលផ្សារប៉ែកខាងកើត ឱ្យមានខ្យល់អាកាសចេញចូល ងាយស្រួលក្នុងការលក់ដូរ ប្រកបរបរចិញ្ចឹមជីវិត។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ ដែលបានយកផលិតផល និងបន្លែបង្កាបន្តិចបន្តួចមកលក់ដូរ ព្រមទាំងបានបន្តប្រើប្រាស់តួនាទីជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខលំបាកប្រជាពលរដ្ឋ នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕