(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គ្មានអ្វីសំខាន់ជាងការរួមគ្នារក្សាសន្តិភាពនោះទេ ដើម្បីកសាងប្រទេស ការកសាងសន្តិភាពនេះ គឺសំខាន់តាមរយៈការបោះឆ្នោតជ្រើសរើសមេដឹកនាំ មិនមែនតាមរយៈការការប្រមូលគ្នា បះបោរបំផ្លាញប្រទេសរបស់យើងនោះទេ នេះគឺជាសារដ៏សំខាន់ដែលគណបក្ស ប្រជាជនកម្ពុជាចង់បាន។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា «យើងចង់ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយសន្តិវិធីដោយមិនឱ្យមានការអុកឡុក នៅការិយាល័យបោះឆ្នោត ដូចលើកមុនទៀតឡើយ។ យើងធ្វើយ៉ាងម៉េច ដើម្បីឱ្យការបោះឆ្នោតទៅដោយរលូន ដោយសន្តិវិធី ដោយតម្លាភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ មិនថាបក្សណា ឬបក្សណាទេ។ ការបោះឆ្នោត គឺជាវិធីតែមួយគត់ក្នុងការជ្រើសរើស អ្នកដឹកនាំ និងដើម្បីឱ្យកូនចៅយើងសុខសប្បាយតជំនាន់។ ដូច្នេះសុំឱ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោត ទាំងអស់ឱ្យបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេស ឱ្យមានការរីកចម្រើនជាបន្តទៀត»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងឱកាសលោក ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនក្រុមការងារគណបក្ស ប្រជាជនកម្ពុជា នៅស្រុកបាធាយ ខេត្តកំពង់ចាម ចំនួន១៤២៩នាក់។
លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា គឺយកផលប្រយោជន៍ប្រជាជនជាធំ។ គឺធ្វើអ្វីៗ ដើម្បីប្រជាពលរដ្ឋ ខិតខំតម្លើងប្រាក់បៀវត្សរ៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ-កម្មការិនីរោងចក្រ ខិតខំកសាងសមិទ្ធិផលជាច្រើននៅទូទាំងប្រទេស និងធ្វើឱ្យជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែធូរធា ផ្ទុយពីគណបក្សប្រឆាំងដែលមិនបាន យកផលប្រយោជន៍ ប្រជាជនជាធំនោះទេ គឺមានតែការបោះបោរ និងឱ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ការងារការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា «យើងចង់បានសេចក្តីសុខ យើងចង់បានការរួបរួម។ ដូច្នេះស្នើសុំប្រជាពរដ្ឋចំនួន២ចំណុច ទី១៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបោះឆ្នោតគាំទ្រការអភិវឌ្ឍ បោះឆ្នោតគាំទ្រការពារសុខសន្តិភាព ការពារសមិទ្ធិផល ការពារផលប្រយោជន៍ប្រជាជន និងទី២៖ សូមប្រឆាំងដាច់ខាតការអំពាវនាវ និងគោលនយោបាយរបស់គណបក្សប្រឆាំង ដែលធ្វើឱ្យបរទេសបំផ្លាញ សេដ្ឋកិច្ចបំផ្លាញជីវិតប្រជាពលរដ្ឋការដាក់ ទណ្ឌកម្មសេដ្ឋកិច្ច និងការបំផ្លាញសុខសន្តិភាពតាមរយៈការអំពាវនាវ ឱ្យមានការបះបោរ យើងត្រូវតែឈ្នះហើយដឹកនាំ ប្រទេសដោយរលូន»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត សូមឱ្យអ្នកសង្កេតការណ៍ភ្នាក់ងារគណបក្ស ធ្វើយ៉ាងណា ដើម្បីឱ្យដំណើរការបោះឆ្នោត ទៅបានដោយសន្តិវិធី តាមនីតិវិធីដោយរលូន និងយុត្តិធម៌។ ព្រោះថាអ្នកសង្កេតការណ៍ភ្នាក់ងារគណបក្សនេះហើយ គឺជាមនុស្សដែលសំខាន់នៅក្នុងការការពារបក្ស និងជួយដល់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត ឱ្យបានរលូន។ នេះគឺជាដំណាក់កាលដ៏សំខាន់ ចុងក្រោយដែលយើង ត្រូវតែការពារ និងត្រូវតែឈ្នះ-ឈ្នះដោយរលូន និងឈ្នះដោយយុត្តិធម៌ដើម្បីបន្តកសាងឱ្យកាន់តែរីកចំរើនទៅមុខទៀត៕