(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងពីចក្ខុវិស័យមួយចំនួន ដែលនឹងត្រូវអនុវត្តក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្នុងនោះរាជបណ្ឌិត្យសភាបានកំណត់ទិសដៅថា នឹងកសាងគម្របព្រៃឈើឡើងវិញ ដែលមានពូជឈើគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន១លានដើម។

ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលាស្តីពី ការសិក្សាបឋម ដើម្បីរៀបចំផែនការមេ ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ Green Palace ។

លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា បានកំណត់នូវចក្ខុវិស័យរបស់រាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ចំនួន៦ រួមមាន៖

១.ប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅជាឧទ្យានសម្រាប់ការសិក្សាស្រាវជ្រាវ ដោយយកទ្រឹស្តីផ្សារភ្ជាប់ទៅនឹងការអនុវត្ត។

២.កសាងគម្របព្រៃឈើឡើងវិញ ដែលមានពូជឈើគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន១លានដើម។

៣.ប្រែក្លាយតំបន់នេះ ទៅជាតំបន់ទេសចរណ៍៣ប្រភេទ គឺ ទេសចរណ៍បរិស្ថាន ទេសចរណ៍វប្បធម៍ និងទេសចរណ៍សប្បនិម្មិត។

៤.ប្រែក្លាយតំបន់នេះ ទៅជាតំបន់កសាង ផលិតឯកសារ ដែលបានមកពីការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ ដោយសរសេរជាសៀវភៅ និងផលិតវីដេអូ ដើម្បីផ្តល់ជាមេរៀន និងវិធីសាស្ត្រងាយៗ ជូនដល់ប្រជាកសិករយកទៅអនុវត្ត ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ខ្លួន និងដើម្បីរួមចំណែកធ្វើឲ្យកម្ពុជាក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

៥.ប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅជាសួនច្បាររបស់យើងទាំងអស់គ្នា និងពិភពលោក។

៦.រៀបចំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឲ្យទៅជាកន្លែងផ្តល់ការងារធ្វើជូនប្រជាជននៅតំបន់នេះ និងអ្នកស្រាវជ្រាវដែលមានទិសដៅដូចគ្នា។

ឧទ្យានជាតិនេះមានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ហើយមានតំបន់ជីវចម្រុះ និងមានសក្កដានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឲ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធ៍ម ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ។

​ជាមួយទិសដៅដាំដើមឈើ១លានដើម រាជបណ្ឌិតសភាកម្ពុជាបានសាងសង់ថ្នាលបណ្តុះបណ្តាលកូនឈើមួយកន្លែង ដែលស្របតាមបទដ្ឋានបច្ចេកទេស ហើយថ្នាលនេះ មានទំហំ៣០ម៉ែត្រគុណ៥០ម៉ែត្រ ដែលអាចបណ្តុះកូនឈើបានពី៦ម៉ឺន៥ពាន់ ទៅ៧ម៉ឺនដើម។ ក្នុងរយៈពេល២ខែមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានដាំកូនឈើបានចំនួន​១២,០០០ដើម ដោយបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋនៅតំបន់ជុំវិញ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ។ល។

ជាមួយគ្នានេះ លោកស្រី សា ហ្គុងហ៊ី ប្រធានផ្នែកវាយតម្លៃគោលនយោបាយដីនៃវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) បានបញ្ចាក់ថាប៉ុន្មានឆ្នាំនេះវិទ្យាស្ថាន KEI និងរាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដៃគ្នា សហការគ្នាដើម្បីរៀបចំបរិស្ថានដ៏ល្អមួយនៅកម្ពុជា ហើយលោកស្រីពិតជាសប្បាយចិត្តដែលចាប់ពីថ្ងៃនេះទៅ KEI នៃប្រទែសកូរ៉េ និងរាជបណ្ឌិត្យសភាកម្ពុជាអាចរៀបចំការងារជាមួយគ្នា ជាបន្តរបន្ទាប់ទៀតទាក់ទងនឹង ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប៕