(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ស្យុង បូ បានលើកឡើងថា រយៈពេល៦០ឆ្នាំ កន្លងមកនេះ មានរឿងមួយដែលមិនមានការផ្លាស់ប្តូរ នោះគឺទំនាក់ទំនងជាប្រពៃណីរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ប្រៀបដូចស្រាល្អ ដែលបិទទុកកាន់តែយូរ កាន់តែមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយ។

ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជារូបនេះ បានលើកឡើងបែបនេះ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកតំណាងស្ថានទូតចិនប្រចាំកម្ពុជា ប្រារព្ធពិធីខួបទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសាលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងពិធីនេះ ភាគីចិនមាន លោក ហ៊ូ ហ្សេងយូ (HU Zhengyue) អនុប្រធានសមាគមកិច្ចការទូត និងអតីតអនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជាតំណាង។

លោក ស្យុង បូ បានថ្លែងយ៉ាងដូច្នេះថា៖ «រយៈពេល៦០ឆ្នាំ កន្លងមកនេះ មានរឿងមួយដែលមិនមានការផ្លាស់ប្តូរនោះ គឺទំនាក់ទំនងជាប្រពៃណីរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ប្រៀបដូចស្រាល្អដែលបិទទុកកាន់តែយូរ កាន់តែមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយ។ នៅក្នុងសម័យកាលថ្មីនេះ ក៏មានការផ្លាស់ប្តូរថ្មីដែលធ្វើឱ្យទំនាក់ទំនងកាន់តែទទួលបានភាពរឹងមាំ និងរស់រវើកមិនឈប់ឈរ»

លោកបានបន្តថា ខួបអនុស្សាវរីយ៍លើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន នេះសបញ្ជាក់ថា យ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ចិន ហើយក៏បានបង្ហាញពីមិត្តភាពយ៉ាងជ្រាលជ្រៅ ក្នុងរយៈពេល៦០ឆ្នាំ ដែលកម្ពុជា-ចិន បានឆ្លងកាត់ផលលំបាកជាច្រើនកន្លងមក។

លោក ស្យុង បូ បានបន្តថា តាងនាមឱ្យតំណាងស្ថានទូតចិននៅកម្ពុជា សូមស្វាគមន៍ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ ជាមួយគ្នានេះ លោកបានរំលឹកថា កាលពី៦០ឆ្នាំមុនលោក ជូ អេនឡាយ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងសម្តេច នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរលិខិតទៅវិញទៅមក ហើយរួមគ្នាប្រកាសបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា ដែលនេះ ជាការបើកទំព័រថ្មី នៃទំនាក់ទំនងកម្ពុជា-ចិន។

អគ្គរដ្ឋទូតចិន បានបញ្ជាក់ថា ត្រឡប់ទៅរយៈពេល៦០ឆ្នាំ នៃដំណើរការឆ្លងកាត់ដ៏លំបាក បានស្តែងចេញថា ទំនាក់ទំនងកម្ពុជា-ចិន មានភាពជ្រាលជ្រៅ និងប្រកបដោយលក្ខណៈពិសេសទាំងនេះបញ្ជាក់ថា ទំនាក់ទំនងជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយចិន-កម្ពុជា បានកើនឡើងដល់កម្រិតរឹងមាំខ្លាំងក្លាយ។ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មានជាប្រវត្តិសាស្ត្រ និងប្រពៃណី វប្បធម៌យូរអង្វែងជិត២០០០ឆ្នាំហើយ៕