(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Ma Yi អគ្គនាយកការិយាល័យ ពង្រឹងការអនុវត្តច្បាប់ជលផល នៅទន្លេយ៉ាងសេ ដើម្បីពិភាក្សាពីគម្រោងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវារីវប្បកម្ម និងការគ្រប់គ្រងធនធានជលផលនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្ម។
ថ្លែងនៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Ma Yi ដែលបានអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការ មេគង្គឡាងឆាង មានសារសំខាន់ ក្នុងការថែរក្សាធនធានជលផល ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន និងពាណិជ្ជកម្ម ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្តូរពាណិជ្ជកម្ម ត្រីរវាងគ្នាទៅវិញទៅមក ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ លោក Ma Yi បានថ្លែងអំណរគុណដល់ លោករដ្ឋមន្រ្តី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងកសិកម្មចិន។ លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការរក្សាបាននូវផលចាប់ពីការនេសាទ ក្នុងរង្វង់ ៦០០,០០០តោន ក្នុងមួយឆ្នាំ និងជំរុញការអភិវឌ្ឍវារីវប្បកម្ម។
ទន្ទឹមនឹងនេះ លោក បានបញ្ជាក់ពីជំហរយ៉ាងច្បាស់ថា លោកនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យកាន់តែស៊ីជម្រៅ ដោយលោកគ្រោង នឹងអញ្ជើញថ្នាក់ដឹកនាំ និងមន្រ្តី ជំនាញក្រសួង ទៅទស្សនកិច្ចការវិវឌ្ឍបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ក្នុងការអភិវឌ្ឍវារីវប្បកម្ម នៅប្រទេសចិន។
ជាមួយគ្នានោះ អគ្គនាយកការិយាល័យ ពង្រឹងការអនុវត្តច្បាប់ជលផល នៅទន្លេយ៉ាងសេ ក៏បានស្នើឲ្យភាគីកម្ពុជា សិក្សាពីតម្រូវការបច្ចេកទេស ដែលកម្ពុជាកំពុងមានការខ្វះខាត និងស្នើទៅលោក វេង សាខុន ដើម្បីលោកពិនិត្យពីលទ្ធភាពក្នុងការគាំទ្រ។
លោក Ma Yi បានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការមេគង្គឡាងឆាង នឹងជំរុញនូវការបង្កើនឡើង នូវផលស្តុកធនធានជលផល ការកសាងសមត្ថភាពធនធានមនុស្ស និងទិន្នផលវារីវប្បកម្ម។
ក្នុងឱកាសនោះ លោកក៏បានអញ្ជើញថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅចូលរួមវេទិកាស្តីពី ការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍវារីវប្បកម្ម នៅក្នុងតុលា ឆ្នាំ២០១៨ នាខេត្តវូហាន់ នៃសាធារណរដ្ឋប្រជាមានិតចិន៕