(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដាក់ដំណើរការម៉ាស៊ីនវិនិច្ឆ័យរោគ ដោយម៉ាស៊ីនស្វ័យប្រវត្តិ ដែលមានឈ្មោះថា «VersaCell System» ដំបូងនៅកម្ពុជា តម្លៃប្រមាណ៣០ម៉ឺនដុល្លារអាមេរិក។

ពិធីដាក់ឲ្យដំណើរការនូវម៉ាស៊ីនប្រភេទ Robot នេះ ដោយដំណើរការដោយស្វ័យប្រវត្តិនេះ ធ្វើឡើងដោយមានការចូលរួមពី លោក Tran Thanh Tung អគ្គនាយកមន្ទីរជោរៃភ្នំពេញ រួមនឹងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាច្រើននាក់ទៀតផងដែរ។

លោកវេជ្ជបណ្ឌិត Tran Thanh Tung អគ្គនាយកមន្ទីរជោរៃភ្នំពេញ បានឲ្យដឹងថា «VersaCell System» ជាប្រភេទម៉ាស៊ីនដែលមាននាទីពិនិត្យរោគសញ្ញារបស់អ្នកជំងឺ ដោយស្វ័យប្រវត្តិ ហើយដឹងរោគសញ្ញារបស់អ្នកជំងឺមានយ៉ាងងាយ និងឆាប់រហ័សមិនប្រើពេលវេលាយូរនោះទេ។

លោកបន្តថា «VersaCell System ជាប្រភេទម៉ាស៊ីនវិនិច្ឆ័យរោគអ្នកជំងឺ ដែលមាននៅកម្ពុជាមុនគេបង្អស់ ហើយត្រូវបាននាំចូលមកពីប្រទេសអាល្លឺម៉ង់ តម្លៃប្រមាណជា៣០ម៉ឺនដុល្លារអាមេរិក។ ម៉ាស៊ីនដែលមន្ទីរពេទ្យជោរៃភ្នំពេញនាំចូលនេះ មានប្រទេសជិតខាងរបស់យើង មានរួចហើយគឺ វៀតណាម ថៃ និងឡាវ»

លើសពីនេះ លោកក៏បានបង្ហាញ ពីភាពលំបាកពេលដែលមិនទាន់បាននាំចូល VersaCell System មួយនេះ គឺកាលពីកន្លងយើងត្រូវមនុស្ស៣ទៅ៤នាក់ សម្រាប់ធ្វើការពិនិត្យរោគសញ្ញារបស់អ្នកជំងឺហើយប្រើពេលវេលាយូរ ក៏ប៉ុន្តែឥឡូវនេះយើងត្រូវការតែមនុស្សត្រឹមតែម្នាក់ប៉ុណ្ណោះសម្រាប់ធ្វើការងារមួយនេះ មិនតែប៉ុណ្ណោះវាមានការពិនិត្យត្រឹមត្រូវ និងជាក់លាក់បំផុត ម្យ៉ាងវិញទៀតនោះគឺប្រើពេលវេលារហ័សទៀតផង៕